Ad Code

បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​០២​ខ្សែ​ ប្រវែង​១៥១៨​ម៉ែត្រ នៅ​សង្កាត់​ព្រែកកំពឹស​



ភ្នំពេញ ៖ ផ្លូវ​បេតុង​ចំនួន​០២​ខ្សែ ប្រវែង​សរុប​១៥១៨​ម៉ែត្រ ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌ​ដង្កោ ត្រូវ​បាន​បើក​ការដ្ឋាន​ស្ថាបនា កាលពី​ព្រឹក​ថ្ងៃ​អង្គារ ១៣​រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៦ ខែ​តុលា ឆ្នាំ​២០១៨ ក្រោម​វត្តមាន លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌ​ដង្កោ ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ​ខណ្ឌ សង្កាត់ ភូមិ និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ផងដែរ។​

ផ្លូវ​បេតុង​ទាំង​០២​ខ្សែ​រួម​មាន ខ្សែ​ទី​១ ប្រវែង​៧០០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ដំណាក់​សង្កែ និង​ខ្សែ​ទី​២ ប្រវែង​៨១៨​ម៉ែត្រ ទទឹង​៤​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែកកំពឹស ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ។​

លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បានធ្វើ​ការលើកឡើង​អំពី​ការ​អភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេស​ជាតិ​ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយគ្នា​ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ចកាល​សម្ដេច​ទាំង​ទ្វេ​តែង​បាន​គិតគូរ​អំពី​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

តាមរយៈ​ផ្លូវ​បេតុង​ថ្មី ០២​ខ្សែ នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​ផ្ដល់​សោភណភាព ​នៃ​ការរស់នៅ​ផង​ដែរ​។
លោក​អភិបាលខណ្ឌ បានធ្វើការ​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ព្រែកកំពឹស ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ទទួលបាន​ជ័យជម្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី ដើម្បី​សម្ដេច​តេ​ជោ ហ៊ុន សែន បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី ដឹកនាំ​ប្រទេស​ឆ្ពោះទៅរក​វឌ្ឍនភាព ការអភិវឌ្ឍ និង​សុខ​សន្តិភាព​។​

លោក​អភិបាល​ ក៏បាន​ណែនាំដល់​ក្រុមហ៊ុន​សូម​យកចិត្តទុកដាក់​អនុវត្ត​គម្រោង​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ហើយ​ត្រូវធ្វើ​ឲ្យ​បាន​ឆាប់ ដើម្បី​ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ ជាមួយគ្នា​ក៏បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​សហការ​ចំពោះ​ផល​ប៉ះពាល់​តិចតួច ដែល​បណ្ដាល​មកពី​ការស្ថាបនា​ផ្លូវ ដើម្បី​ឲ្យ​ផ្លូវ​នេះ​បាន​ឆាប់​រួចរាល់ និង​មានគុណ​ភាព​ល្អ ប្រើប្រាស់​បាន​យូរ​អង្វែង​។​
បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់ និង​គិតគូរ​អំពី​ការ​លំបាក​របស់​ពួកគាត់ ហើយ​ផ្លូវ​ទាំង​០២​ខ្សែ​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពួកគាត់​យ៉ាង​ច្រើន៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu