Ad Code

ផល​ប៉ះពាល់ ​នៃ​ការ​ជក់បារី​ទៅលើ​សុខភាព ប្រឈម​នឹង​ការ​ស្លាប់​មុន​អាយុ​



​សៀមរាប ៖ ការ​ជក់បារី ផ្ដល់​ផលវិបាក​យ៉ាងច្រើន​ដល់​សុខភាព អ្នក​ជក់បារី​នឹង​ក្លាយ​ជា​ញៀន​បារី​យ៉ាង​ឆាប់រហ័ស​ដោយសារ​នីកូទីន និង​អាច​បណ្តាល​ឲ្យ​ស្លាប់ និង​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន ដែល​បណ្តាល​ឲ្យ​មានការ​ប្រឈម​នឹង​ការ​ស្លាប់​មុន​អាយុ។​

ក្នុង​ពិធី​ប្រកាស​រដ្ឋបាល​ក្រុង​សៀមរាប​គ្មាន​ផ្សែង នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាលា​ក្រុង​សៀមរាប លោក​ សូ ប្លា​តុង អភិបាលក្រុង​សៀមរាប បាន​ថ្លែងថា ផ្សែង​បារី ដែល​ជា​សារធាតុ​ញៀន​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ជក់បារី​កាន់តែ​ចង់​ជក់បារី​ថែមទៀត។

ក្រសួងសុខាភិបាល​កំពុង​ស្វែងរក​កិច្ចសហការ​ពី​បណ្ដា​ក្រសួង​ស្ថាប័នរដ្ឋ​នានា ចូលរួម​បង្កើត​កន្លែង​ធ្វើការ​គ្មាន​ផ្សែង​បារី នៅ​គ្រា​ដែល​រដ្ឋាភិបាល​ក៏បាន​ជំរុញ​ឲ្យ​មាន​ការអនុវត្ត​វិធានការ​នេះ​ឲ្យ​បាន​នៅ​ទូទាំង​ប្រទេស​។ ការចូលរួម​បង្កើត​ទីកន្លែង​ធ្វើការ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​គ្មាន​ផ្សែង​បារី ជា​ប្រយោជន៍​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​។​

លោក​បាន​បន្តថា ផលិតផល​ថ្នាំជក់​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ទាំង​អ្នក​ជក់ និង​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ​។ ថ្នាំជក់​ជា​ឃាតក​លាក់​មុខ ហើយ​វា​ជា​ឧបសគ្គ​ នៃ​ការ​អភិវឌ្ឍ​ប្រទេស​។ ទីក្រុង​គ្មាន​ផ្សែង​បារី​ គឺ​សំដៅ​ដល់​ការ​ហាម​មិន​ឲ្យ​ជក់បារី​នៅ​កន្លែង​ដែល​មាន​ដំបូល ក្រៅពី​កន្លែង​ដែល​មាន​ដំបូល អ្នក​ជក់​មាន​សិទ្ធិ​ជក់​។

ដោយឡែក​ កន្លែង​មួយ​ចំនួន​ដូចជា សាលារៀន វត្ត​អារាម រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ គ្រឹះស្ថាន​សុខា​ភិបាល សួន​កុមារ កន្លែង​ងាយ​ឆាបឆេះ ជាដើម ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ជក់​ក្នុង​បរិវេណ​ទាំង​ស្រុង​។​

សូម​បញ្ជាក់​ថា ក្នុង​បណ្ដា​ប្រទេស​អាស៊ាន មាន​ទីក្រុង​ជាច្រើន​ដែល​បាន​ប្រកាស​ថា ​ទីក្រុង​គ្មាន​ផ្សែង​បារី រួចហើយ ដូចជា ទីក្រុង​ម៉ា​ឡា​កា ទីក្រុង​ប៉េ​ណាំង ប្រទេស​ម៉ាឡេស៊ី វៀងចន្ទន៍ ហ្លួង​ប្រា​បាង ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ទីក្រុង​ហាយ​ឡុង ហ៊័​យ​អាន ប្រទេស​វៀតណាម ខេត្ត​ក្រា​បី ប្រទេស​ថៃ ទីក្រុង​ម៉ា​កា​ទី ក្រុង​អី​ឡូ​អី​ឡូ ប្រទេស​ហ្វីលីពីន ជាដើម​។

គួរ​ឲ្យ​ដឹងផង​ដែរ​ថា ក្រសួងសុខាភិបាល​ព្រមាន​ផាកពិន័យ​ក្រុមហ៊ុន​ផលិតផល​ថ្នាំជក់ ដែល​មិន​អនុវត្ត​តាម​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ អនុក្រឹត្យ​ស្ដីពី​ការ​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ និង​ជា​រូបភាព​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់ ទំហំ​៥៥% បាន​ចូល​ជា​ធរមាន តាំង​ពី​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០១៦។

ក្រសួងសុខាភិបាល ក៏បាន​ព្រមាន​ដល់​ក្រុមហ៊ុន​ផលិតផល​ថ្នាំជក់​ទាំងអស់ កុំ​ឲ្យ​បន្ត​រំលោភច្បាប់​ទៀត​។ ក្នុង​ករណី​មិន​គោរព​លិខិត​ព្រមាន​នេះ ក្រសួងសុខាភិបាល ​នឹង​ធ្វើ​ការ​ផាកពិន័យ​ក្រុមហ៊ុន​ផលិតផល​ថ្នាំជក់​ដែល​ល្មើស​ទាំងនេះ ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ជា​ធរមាន។​

បើតាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ការជក់បារី​អាច​បណ្ដាល​ឲ្យ​ស្ទះផ្លូវ​ដង្ហើម រលាក​ទងសួត កើត​រោគ​មហារីក និង​ការ​ចុះ​ខ្សោយ​ផ្លូវ​ភេទ​ជាដើម​។

ក្រៅពីនេះ ការជក់បារី​អាច​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ បាយ​មិនបាន ឆាប់​ហេវ​ហត់​អស់កម្លាំង និង​កាត់​បន្ថយ​អាយុ​ផងដែរ​។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ ការជក់បារី​អាច​បណ្ដាល​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ ឬ​ស្លាប់ និង​បង្ក​គ្រោះថ្នាក់​ចំពោះ​ម្ដាយ​។ ជាតិ​នីកូទីន​នៅ​ក្នុង​ថ្នាំជក់ អាច​បណ្ដាល​ឲ្យ​ត្បៀត​សរសៃ​ឈាម​ក្នុង​ទងសុក ដែល​ធ្វើ​ឲ្យ​បរិមាណ​អុកស៊ីហ្សែន​ផ្គត់ផ្គង់​ទៅ​គភ៌​មានការ​ថយចុះ ជាហេតុ​បង្ក​ហា​និ​ភ័យ​យ៉ាងខ្លាំង​ក្នុង​ពេល​ទារក​ប្រសូត​។ បារី​គ្មាន​ប្រយោជន៍​ចំពោះ​សុខភាព​នោះ​ទេ គឺ​មានតែ​ផល​ប៉ះពាល់​ម្យ៉ាង​ប៉ុណ្ណោះ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu