ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់សមាជិកសមាជិកាព្រឹទ្ធសភា និងរដ្ឋសភា ត្រូវពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩នេះឲ្យបានហ្មត់ចត់គ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ជាពិសេស ធ្វើឲ្យប្រាកដថាការវិភាជន៍ថវិកា ពិតជាឆ្លើយតបទៅនឹងវិស័យជាអាទិភាពរបស់ជាតិ ដែលជាចលករ នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ការស្នើសុំរបស់សម្ដេចប្រធានរដ្ឋសភាបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាឈ្វេងយល់អំពី “ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំ សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩” ដែលរៀបចំធ្វើនៅវិមានរដ្ឋសភាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកានេះ។
សម្ដេចប្រធានបានបញ្ជាក់ថា សិក្ខាសាលានេះ ដែលផ្ដួចផ្ដើមរៀបចំឡើងដោយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងដោយមានការចូលរួមពីសមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងរាជរដ្ឋាភិបាល អង្គការ ស្ថាប័នជាតិ អន្តរជាតិពាក់ព័ន្ធជាច្រើន ក្នុងបំណងផ្លាស់ប្ដូរនូវព័ត៌មាន និងធាតុចូលបន្ថែមទៀតសម្រាប់យកមកសិក្សា វិភាគ និងវាយតម្លៃ លើសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ មុននឹងដាក់ជូនរដ្ឋសភាពិភាក្សានិងអនុម័តនាពេលខាងមុខនេះ។
សម្ដេចប្រធានរដ្ឋសភាបានបន្តថា ថវិកាជាតិឆ្នាំ២០១៩ ត្រូវបានគិតគូរ ដោះស្រាយ និងត្រូវបានវិភាជន៍សម្រាប់វិស័យអាទិភាព នៃគោលនយោបាយជាតិសំខាន់ៗជាសារវន្ត។ “យើងចាត់ទុកថា ថវិកាជាតិឆ្នាំ២០១៩នេះ ជាឧបករណ៍ នៃគោលនយោបាយ របស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ក្នុងការថែរក្សាការពារ និងពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេងដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាបន្តចាក់គ្រឹះរឹងមាំ សម្រាប់បម្រើឲ្យការអភិវឌ្ឍរបស់កម្ពុជា តទៅមុខទៀត”។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការកសាងសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩នេះឡើង ដើម្បីឆ្លើយតបទៅនឹងសេចក្តីទុកចិត្តដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា តាមរយៈលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីខែកក្កដា ឆ្នាំ២០១៨នេះ។
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ មានគោលដៅគាំទ្រ ដល់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្ដែងនានា ដែលនឹងត្រូវផ្ដើមអនុវត្តនៅក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ឲ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាជាអតិបរមាជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។
លោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាថ្លែងថា សម្រាប់ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានកំណត់ចំណាយថវិកាជាតិក្នុងកម្រិតចំនួន ២៥ ៧៦៥ ០២៨ លានរៀល កើន១០% ធៀបឆ្នាំ២០១៨។
ក្នុងនោះចំណាយចរន្តថ្នាក់ជាតិត្រូវបានគ្រោងចំនួន ១៦.៨២៧.២៨០លានរៀល និងចំណាយមូលធនថ្នាក់ជាតិមានចំនួន៨.៩៣៧.៧៤៨លានរៀល។
ការចំណាយលើបន្ទុកបុគ្គលិកត្រូវបានគ្រោង ៧.៨៦២.៥៣៧លានរៀល ដូចជា(តម្លើងប្រាក់បៀវត្សរ៍មូលដ្ឋាន លាភការ និងប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការស៊ីវិល គ្រូពេទ្យ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ)។
ការចំណាយមិនមែនបន្ទុកបុគ្គលិក ត្រូវបានគ្រោងចំនួន ៨.៩៦៤.៧៤៣លានរៀល មានសមាមាត្រស្មើនឹង៥៣,២៨% នៃចំណាយចរន្តថ្នាក់ជាតិ ត្រូវជា៨,១៦% នៃ ផ.ស.ស ដូចជាវិស័យរដ្ឋបាលទូទៅ វិស័យការពារជាតិ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ វិស័យសេដ្ឋកិច្ច វិស័យសង្គមកិច្ច។
លើសពីនេះ សម្រាប់ឆ្នាំ២០១៩ រាជរដ្ឋាភិបាល ក៏បានគ្រោងថវិកាឆ្លើយតបនឹងសកម្មភាពគាំពារសង្គម ដូចជាបន្តការគាំទ្រថែទាំសុខភាពសម្រាប់កម្មករ បន្តឧបត្ថម្ភមាតុភាពសម្រាប់កម្មករ និយោជិក ការបន្តនិរន្តភាពមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បន្តសកម្មភាពចុះសួរសុខទុក្ខកម្មករ កម្មការិនី និងកម្មវិធីសង្គហទានសង្គមសម្រាប់ស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារតូច។
ការចំណាយមូលធនថ្នាក់ជាតិត្រូវបានគ្រោង ៨.៩៣៧.៧៤៨លានរៀល មានសមាមាត្រស្មើនឹង ៣៤,៧% នៃចំណាយថវិកាថ្នាក់ជាតិសរុប ត្រូវជា៨,១៣% នៃ ផ.ស.ស គឺមានកំណើន៨,៩% ធៀបនឹងឆ្នាំ២០១៨។
ការចំណាយមូលធនថ្នាក់ជាតិនេះ មានគោលដៅផ្ដល់ហិរញ្ញប្បទានដល់គម្រោង/កម្មវិធីក្នុងវិស័យអាទិភាពដោយផ្តោតលើការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច។
លោកបណ្ឌិតរដ្ឋ ជាម យៀប ក៏បានឲ្យដឹងដែរថា សម្រាប់ឆ្នាំ២០១៩ខាងមុខនេះដែរ រាជរដ្ឋាភិបាលក៏មានគោលដៅបង្កើនចំណូលក្នុងប្រទេសថ្នាក់ជាតិឲ្យស្មើនឹង១៨,០០% នៃ ផ.ស.ស គឺស្មើ១៩. ៧៨៦.២៦០លានរៀល ដែលមានកំណើន ១២,២% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៨ ដែលក្នុងនោះចំណូលចរន្តថ្នាក់ជាតិត្រូវសម្រេចឲ្យបានចំនួន ១៩.៥៩៣.១១១លានរៀល ត្រូវជា១៧,៨៣%នៃ ផ.ស.ស គឺមានកំណើន១២,២% ធៀបនឹងច្បាប់ឆ្នាំ២០១៨ និងចំណូលមូលធនត្រូវបានគ្រោងចំនួន ៥.៧៦៦.៩១៧លានរៀល ត្រូវជា ៥,២៥% នៃ ផ.ស.ស គឺមានកំណើន១៥,៩% នៃ ផ.ស.ស គឺមានកំណើន ១៥,៩% ធៀបនឹងច្បាប់ឆ្នាំ២០១៨៕
Source: Kampuchea Thmey Daily
0 Comments