Ad Code

ក្រសួង​ការងារ ​តម្រូវ​ឲ្យ​ថៅកែ​រោងចក្រ​អនុញ្ញាត​ឲ្យ​កម្មករ​បាន​ឈប់សម្រាក​ចំនួន​៣​ថ្ងៃ ​ដើម្បី​ចូលរួម​ពិធីបុណ្យ​អុំទូក​ខាងមុខ



​ភ្នំពេញ ​៖​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​តម្រូវ​ឲ្យ​ថៅកែ​រោងចក្រ​សហគ្រាស​នានា អនុញ្ញាត​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​ចំនួន​៣​ថ្ងៃ​ ដើម្បី​បាន​ទៅ​ចូលរួម​នៅ​ក្នុង​ឱកាស​ពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប អក​អំបុក​ និង​សំពះ​ព្រះ​ខែ ខាងមុខនេះ​។​

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ណែនាំ​ដល់​ថៅកែ​រោងចក្រ ​ឬ​ម្ចាស់​សហ​គ្រាស​គ្រឹះស្ថាន​ការងារ​ទាំងអស់ ​ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករ​បាន​ឈប់សម្រាក​ទៅ​ចូលរួម​ពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប អកអំបុក​ និង​សំពះ​ព្រះ​ខែ​ខាងមុខនេះ​ដោយ​រក្សាទុក​ប្រាក់​ឈ្នួល ​និង​ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​ដូច​ថ្ងៃ​ធម្មតា​។​

តាមរយៈ​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃ​ទី​០​៥​ ខែ​វិច្ឆិកា​ឆ្នាំ​២០១៨ លោក​បណ្ឌិត ​អ៊ិត សំហេង​ បាន​ឲ្យ​ដឹង​ថា​ «​យោង​តាម​ច្បាប់​ស្ដីពី​ការងារ​ និង​ប្រកាស​របស់​ក្រសួង​ស្ដីពី​ការ​ឈប់​សម្រាក​ថ្ងៃបុណ្យ​ដែល​ត្រូវមាន​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​២០១៨ ​សូម​លោក​លោកស្រី​អនុញ្ញាត​ឲ្យ​កម្មករ​និយោជិត​ទាំងអស់​របស់ខ្លួន​បាន​ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល​នៅ​ក្នុង​ពិធី​អុំទូក​បណ្ដែតប្រទីប អកអំបុក​ និង​សំពះ​ព្រះ​ខែ​ខាងមុខនេះ​ ដើម្បី​ឲ្យ​ពួកគេ​បាន​ទៅ​ចូលរួម​សប្បាយ​នៅ​ក្នុង​ពិធី​»​។​

តែ​យ៉ាងណាក៏ដោយ​ លោក​បណ្ឌិត​ អ៊ិត​ សំហេង ​បាន​អះអាងថា ​ប៉ុន្តែ​ក្នុងករណី​ចាំបាច់​បំផុត​ដែល​សហ​គ្រាស​គ្រឹះស្ថាន​មិនអាច​បញ្ឈប់​សកម្មភាព​របស់ខ្លួន​បាន​នៅក្នុង​ឱកាស​ពិធី​បុណ្យអុំទូក​បណ្ដែត​ប្រទីប អកអំបុក​ និង​សំពះ​ព្រះ​ខែ​ខាងមុខនេះ​ ម្ចាស់​និង​សហ​គ្រាស​គ្រឹះស្ថាន​ត្រូវ​សម្របសម្រួល​ជា​មួយ​កម្មករ​និយោជិត​ឲ្យ​មានការ​ស្ម័គ្រចិត្ត​ ព្រមទាំង​បែងចែក​ឲ្យ​មាន​ពេលវេលា​ និង​ថ្ងៃ​ឈប់សម្រាក​បុណ្យ​បាន​សមរម្យ​។​

លោក​បណ្ឌិត ​អ៊ិត​ សំហេង​ បាន​បញ្ជាក់​ថា ​កម្មករ​និយោជិក​ដែល​ធ្វើការ​នៅ​ក្នុង​ថ្ងៃ​ឈប​ក្នុង​ព្រះរាជ​ពិធីបុណ្យ​នេះ​មាន​សិទ្ធ​ទទួល​បាន​នូវ​ប្រាក់​បំណាច់​បន្ថែម​ដែល​មាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើ​ការ​ធម្មតា​។​

រដ្ឋមន្ត្រី​ក្រសួង​ការងារ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​ថៅកែ ​រោងចក្រ​ សហគ្រាស​ គ្រឹះស្ថាន​ការងារ​ទាំងអស់​នឹង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​សេចក្ដី​ជូន​ដំណឹង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​
​គួរ​បញ្ជាក់​ថា​ ពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប អកអំបុក​ និង​សំពះ​ព្រះ​ខែ​នៅ​ឆ្នាំនេះ​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២១ ២១ ​និង​២៣​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ខាងមុខនេះ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu