សៀមរាប ៖ ដំណើរកម្សាន្តក្នុងព្រៃឧទ្យានអង្គរ ( កញ្ជប់សេវាកម្មផលិតផលទេសចរណ៍ថ្មី ) នឹងបង្កើតក្តីសង្ឃឹមមួយទៀត ថាជាផលិតផល ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ស្វែងយល់អំពីសក្ដានុពលដ៏សម្បូរបែប ក្នុងរមណីយដ្ឋានបេតិកភណ្ឌអង្គរ។
ចម្ងាយផ្លូវក្នុងព្រៃ នៃឧទ្យានអង្គរប្រមាណជា១២គីឡូម៉ែត្រ ត្រូវបានក្រុមប្រតិបត្តិករទេសចរណ៍ប្រមាណជា៣០០នាក់ ធ្វើដំណើរឆ្លងកាត់ជាលើកដំបូង នៅក្នុងកម្មវិធីដំណើរកម្សាន្តក្នុងព្រៃឧទ្យានអង្គរ ដែលរៀបចំឡើងដោយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលហៅកាត់ថា CATA ។
កម្មវិធីមួយនេះ ត្រូវបានភ្ជាប់ជាមួយនឹងកម្មវិធីសំខាន់ៗចំនួន២ផ្សេងទៀត គឺការដាំកូនឈើនៅតាមគោលដៅចំនួន៧កន្លែង ក្នុងតំបន់ឧទ្យានអង្គរ និងរៃអង្គាសថវិកាសប្បុរស ដើម្បីជួយទ្រទ្រង់ដល់កិច្ចដំណើរការ នៃមន្ទីរពេទ្យកុមារអង្គរ(ខេត្តសៀមរាប) ដែលកំពុងប្រតិបត្តិការចលនាមនុស្សធម៌ ពិនិត្យព្យាបាលជំងឺកុមារដោយឥតគិតថ្លៃ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា កម្មវិធីដំណើរកម្សាន្តក្នុងព្រៃឧទ្យានអង្គរ គឺជាចំណុចចាប់ផ្ដើម នៃការរៀបចំឲ្យមានផលិតផលទេសចរណ៍ថ្មីមួយទៀត ដោយផ្សារភ្ជាប់ជាមួយវង់ទស្សនាចរប្រាង្គប្រាសាទ។
នៅក្នុងព្រៃឧទ្យានអង្គរ នៅមានគោលដៅទស្សនាជាច្រើន ដែលភ្ញៀវទេសចរពុំធ្លាប់ឃើញ ហើយព្រៃធម្មជាតិទាំងនេះ គឺជាគម្របបៃតង នៃតំបន់ប្រាសាទ។
លោកស្រីបានឲ្យដឹងបន្ថែមទៀតថា មុននេះ អង្គការ GIZ បានផ្សព្វផ្សាយកម្មវិធី ( ទស្សនាសៀមរាប ក្រៅពីប្រាសាទ ) ក៏ជាផលិតផលទេសចរណ៍ថ្មីផងដែរ ដែលសំដៅឆ្ពោះទៅរមណីយដ្ឋាន និង សហគមន៍។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹងបន្ថែមថា សម្រាប់កម្មវិធីកម្សាន្តក្នុងព្រៃឧទ្យានអង្គរ គឺជាកញ្ចប់ទស្សនកិច្ចថ្មីហើយប្លែក ព្រោះជាដំណើរនាំភ្ញៀវកម្សាន្តក្នុងព្រៃធម្មជាតិ ដើម្បីទៅទស្សនាប្រាង្គប្រាសាទបូរាណខ្មែរ។
ក្រុមប្រតិបត្តិករទេសចរណ៍ ដែលជាអ្នកដើរកម្សាន្តក្នុងព្រៃឧទ្យានអង្គរ មានចំណាប់អារម្មណ៍ថា វាជាដំណើរទស្សនាកម្សាន្តមួយដ៏មានសារប្រយោជន៍ ដែលមិនត្រឹមតែជាការចាប់ផ្ដើមបង្កើតថ្មីផលិតផលទេសចរណ៍ប៉ុណ្ណោះទេ តែសម្រាប់ពួកគេវាជាឱកាស នៃការស្គាល់គ្នា ជជែកគ្នាពីបទពិសោធន៍ពីគ្នាទៅវិញទៅមក ជួយឲ្យវិស័យទេសចរណ៍មាននិរន្តរភាព និងដើម្បីសុខភាពផងដែរ។
ដំណើរទស្សនាកម្សាន្តក្នុងព្រៃឧទ្យានអង្គរលើកទី១នេះ បានធ្វើឡើងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ចេញពីចំណុច តំបន់ប្រាសាទព្រះខ័ន្ធ ឆ្លងកាត់ព្រៃតំបន់ប្រាសាទតាព្រហ្ម បញ្ចប់នៅរហាត់ទឹក ស្ថានីយបណ្ដុះកូនឈើ ( ស្ពានអង្គរ )៕
Source: Kampuchea Thmey Daily
0 Comments