ភ្នំពេញ ៖ ក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅ ថា “ណាហ្គាវើលដ៍បេះដូងសប្បុរស” កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបើកវគ្គបណ្ដុះបណ្ដាលកីឡាបាល់ទាត់ដំបូងរបស់ខ្លួនក្នុងខេត្តកំពង់ស្ពឺ មានរយៈពេល៤ថ្ងៃ ដែលបណ្ដុះបណ្ដាលដោយក្លឹបបាល់ទាត់ណាហ្គាវើលដ៍ជាក្លឹបជើងឯកមិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨។
កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា សមាជិករដ្ឋសភាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន នៃសហភាពសហព័ន្ធយុវជនកម្ពុជា លោក សំ រិទ្ធី សមាជិករដ្ឋសភា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក កែវ សារ៉េត អគ្គលេខាធិការ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ និងគណៈគ្រប់គ្រងរបស់ណាហ្គាវើលដ៍។
ការបណ្ដុះបណ្ដាលនេះមានរយៈពេល២ឆ្នាំ ទទួលបានការគាំទ្រដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ហើយគ្រូកីឡាមកពី៩៤ អនុវិទ្យាល័យ និងវិទ្យាល័យទូទាំងខេត្តកំពង់ស្ពឺ នឹងទទួលវិញ្ញាបនបត្របង្ហាត់កីឡាបាល់ទាត់អាជីពប្រភេទ “ឃ” និងសម្ភារៈហ្វឹកហ្វឺន ខណៈសិស្សានុសិស្សប្រមាណ១៨.៥០០នាក់ អាយុចន្លោះ១២ ទៅ១៨ឆ្នាំ នឹងទទួលបានផលប្រយោជន៍ពីការបណ្ដុះបណ្ដាលនេះផងដែរ។
លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានមានប្រសាសន៍ថា “ណាហ្គាវើលដ៍បេះដូងសប្បុរស មានសេចក្ដីសោមនស្សរីករាយក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាលក្នុងការឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍកីឡាបាល់ទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺដែលមានរយៈពេល២ឆ្នាំរបស់យើង នឹងធ្វើឲ្យគ្រូកីឡាទូទាំងខេត្តកំពង់ស្ពឺអភិវឌ្ឍខ្លួនដើម្បីក្លាយជាគ្រូកីឡាបាល់ទាត់អាជីពសម្រាប់កីឡាករវ័យក្មេងជំនាន់ក្រោយ។
ក្រៅពីកសាងមូលដ្ឋានគ្រឹះដើម្បីលើកកម្ពស់វប្បធម៌លេងកីឡាសម្រាប់សុខភាព យើងសង្ឃឹមថា កម្មវិធីនេះ នឹងជួយធ្វើឲ្យកីឡាករក្មេងៗជំនាន់ក្រោយក្លាយជាកីឡាករបាល់ទាត់ដ៏ពូកែក្នុងពេលអនាគតដ៏ខ្លីខាងមុខ”។
លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា “យើងដឹងថា វិធីដែលមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍជំនាញបាល់ទាត់ដល់កុមារនៅតាមខេត្ត គឺត្រូវផ្ដល់ការហ្វឹកហាត់ប្រកបដោយគុណភាពនៅតាមសាលារៀនរបស់ពួកគេ។ កម្មវិធីបណ្ដុះបណ្ដាលនេះ គឺជាគំនិតផ្ដួចផ្ដើមដ៏ល្អមួយដើម្បីជួយអភិវឌ្ឍកីឡាបាល់ទាត់ ហើយយើងគាំទ្រគម្រោងនេះពេញទំហឹង” ។
ចំណែកលោក កែវ សារ៉េត អគ្គលេខាធិការ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា “កម្មវិធីនេះ នឹងជួយបង្កើនស្តង់ដារ នៃការបង្ហាត់កីឡានៅតាមសាលារៀនទូទាំងខេត្តកំពង់ស្ពឺ ហើយយើងចង់ឃើញវឌ្ឍនភាពរបស់កុមាររបស់យើងក្នុងពេលឆាប់ៗខាងមុខ”។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានគាំទ្រ និងលើកឡើងថា “សិស្សានុសិស្សរាប់ម៉ឺននាក់ នឹងទទួលបានការអប់រំផ្នែកកីឡាប្រសើរជាងមុន។ អរគុណដល់ក្រុមហ៊ុនណាហ្គាវើលដ៍ និងភាគីពាក់ព័ន្ធទាំងអស់”។
ជាចុងក្រោយ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា វិស័យកីឡា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសជួយកសាងធនធានមនុស្សដល់ប្រជាជនកម្ពុជាទាំងមូល ដែលក្នុងនោះមានប្រជាជនភាគច្រើនជាកុមារ។
ឯកឧត្ដម បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានបន្តជួយអភិវឌ្ឍអត្តពលិក និងលើកកម្ពស់ការបណ្ដុះបណ្ដាលគ្រូកីឡាក្នុងខេត្តកំពង់ស្ពឺដែលនឹងបង្កើតឲ្យមានកីឡាករឆ្នើមច្រើនជាងមុនសម្រាប់ក្លឹបនៅក្នុងលីគ ក៏ដូចជាក្រុមជម្រើសជាតិផងដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ណាហ្គាវើលដ៍បាន និងកំពុងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃប្រទេសកម្ពុជាប្រកបដោយភាពវិជ្ជមាន។
ក្នុងខែមីនា ឆ្នាំ២០១៤ ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងដោយបុគ្គលិកណាហ្គាវើលដ៍ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយគោលបំណងផ្ដោតទៅលើសសរស្ដម្ភ៤ គឺលើកកម្ពស់ការអប់រំចូលរួមក្នុងសហគមន៍ អភិវឌ្ឍវិស័យកីឡា និងអភិរក្សបរិស្ថាននៅក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង១៦០.០០០នាក់ បានទទួលផលប្រយោជន៍ពីគំនិតផ្ដួចផ្ដើមនេះ៕
Source: Kampuchea Thmey Daily
0 Comments