ភ្នំពេញ ៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ បានបន្តឲ្យកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ ធ្វើយ៉ាងណាបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ឈានដល់ការបង្ក្រាបទាន់ពេលវេលានោះ ជាក់ស្ដែងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៦រសៀល ក្រោយពីកំណត់បានមុខសញ្ញា និងទីតាំងប្រព្រឹត្តសកម្មភាពរួចមក កម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មប្រចាំតំបន់ ដែលកំពុងធ្វើសកម្មភាពចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅចំណុចផ្ទះឈើបាក់បែក ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ និងដកហូតវត្ថុតាងមួយចំនួនផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១/ឈ្មោះ ភា ឆារ៉ា ហៅ ឆារ៉ូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ជួញដូរ)។ ២/ឈ្មោះ ស្រេង សារ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ជួញដូរ)។ ៣/ឈ្មោះ ណេត មួយអ៊ាង ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិបាក់ខែង ឃុំបាក់ខែង ស្រុកមុខកំពូល ខេត្តកណ្តាល(ប្រើប្រាស់)។ ៤/ឈ្មោះ ខុន ឆៃយ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះលេខ៤៣ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ប្រើប្រាស់)។
ចំណែកវត្ថុតាងដែលដកហូតរួមមាន ១/ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ធំ(មួយកញ្ចប់ធំ)ជារបស់ជនសង្ស័យឈ្មោះ ភា ឆារ៉ា ហៅឆារ៉ូ។ ២/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ធំ(មួយកញ្ចប់ធំ)ជារបស់ជនសង្ស័យឈ្មោះ ស្រេង សារ៉ាត់។ ៣/កូនថង់ប្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន(ជារបស់ជនសង្ស័យឈ្មោះ ភា ឆារ៉ា ហៅឆារ៉ូ និងជនសង្ស័យឈ្មោះ ស្រេង សារ៉ាត់)។ ៤/ដបទឹកបរិសុទ្ធមួយសម្រាប់ប្រើប្រាស់គ្រឿងញៀន និងដែកកេះចំនួនពីរ(ជារបស់ជនសង្ស័យឈ្មោះ ភា ឆារ៉ា ហៅឆារ៉ូ )។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាងខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments