ភ្នំពេញ ៖ វេនប្រចាំបញ្ជា ដឹកនាំដោយ លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅគោលដៅផ្លូវជាតិលេខ៥ មុខអនុវិទ្យាល័យព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ កាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ស៊ឹម សុផង់ បានឲ្យដឹងថា ដើម្បីពង្រឹងសុវត្ថិភាពនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌព្រែកព្នៅ តែងតែដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះជាប្រចាំរៀងរាល់យប់ មិនដែលខកខានឡើយ ដែលមានមន្ត្រីសាលាខណ្ឌ កម្លាំងប៉ូលិស កម្លាំងកងរាជអាវុធហត្ថ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចូលរួមផងដែរ ហើយពីមួយថ្ងៃទៅមួយថ្ងៃ បទល្មើសឆ្លងកាត់ មិនមានអ្វីគួរឲ្យចាប់អារម្មណ៍ដូចកាលពីកន្លងមកនោះទេ។
ជាក់ស្ដែង កាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌព្រែកព្នៅ មានកម្លាំងចូលរួមសរុបចំនួន៤៩នាក់ ចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងឆែកអាវុធជាតិផ្ទុះ នៅគោលដៅមុខសាលាអនុវិទ្យាល័យព្រែកព្នៅ ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
លោកបន្តថា បន្ទាប់ពីទទួលបានបទបញ្ជាពី លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌខណ្ឌព្រែកព្នៅ លោក និងមន្ត្រីសាលាខណ្ឌជាច្រើននាក់ទៀតបានដឹកនាំកម្លាំងចម្រុះសរុបចំនួន៤៩នាក់ ក្នុងនោះកម្លាំងប៉ូលិសសង្កាត់-ខណ្ឌចំនួន១៨នាក់ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន១០នាក់ មន្ត្រីសាលាខណ្ឌចំនួន១០នាក់ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ-សង្កាត់ចំនួន១១នាក់ កាលពីយប់ថ្ងៃទី០៥វិច្ឆិកានេះ ចាប់ពីវេលាម៉ោង២០និង៣០នាទី រហូតវេលាម៉ោង១៩និង៣០នាទី ទើបត្រូវបានបញ្ចប់។
ជាលទ្ធផល ត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់បានចំនួន២២គ្រឿង ត្រួតពិនិត្យម៉ូតូឆ្លងកាត់ បានចំនួន ៣០គ្រឿង ក្នុងនោះអត់មួកបានចំនួន១៤គ្រឿង និងអត់កញ្ចក់បានចំនួន១៤គ្រឿង អាវុធជាតិផ្ទុះឆ្លងកាត់គ្មាន បទល្មើសគ្រឿងញៀន គ្មាន។
លោកនាយករដ្ឋបាលខណ្ឌព្រែកព្នៅ ប្រាប់ឲ្យដឹងទៀតថា សកម្មភាពដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ មានជារៀងរាល់យប់តែម្ដង ដើម្បីត្រួតពិនិត្យបទល្មើសគ្រប់ប្រភេទ ធ្វើយ៉ាងណារក្សាឲ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។ ហើយពីមួយថ្ងៃទៅមួយថ្ងៃ បទល្មើសឆ្លងកាត់ មិនមានអ្វីគួរឲ្យចាប់អារម្មណ៍ដូចកាលពីកន្លងមកនោះទេ៕
Source: Kampuchea Thmey Daily
0 Comments