ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ បានប្រកាសច្រានចោលទាំងស្រុងចំពោះព័ត៌មាន Fake News មួយដែលអះអាងថា កម្ពុជា កំពុងស្ថិតនៅចំណុចកណ្ដាល នៃសង្គ្រាមត្រជាក់រវាងចិន និងអាមេរិក និងបានស្នើឲ្យបញ្ឈប់ការផ្សាយនូវព័ត៌មាន នោះទៀត ដោយអះអាងថា ជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់។ ការច្រានចោលនូវព័ត៌មានខាងលើរបស់អ្នកនាំពាក្យក្រសួងការពារជាតិនេះ បានធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
អ្នកនាំពាក្យលើកឡើងយ៉ាងនេះថា “ថ្មីៗនេះមានសារព័ត៌មានបរទេសមួយចំនួនបានចម្លងគ្នាផ្សព្វផ្សាយដោយគ្មានប្រភពច្បាស់លាស់ថា ប្រទេសដទៃមានបំណងប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានយោធា សំចតនាវាចម្បាំង ហើយកម្ពុជាកំពុងស្ថិតនៅចំណុចកណ្ដាល នៃសង្គ្រាមត្រជាក់រវាងចិន និងអាមេរិកជាដើម។
អ្នកនាំពាក្យបញ្ជាក់ថា “នេះគ្រាន់តែជាដំណឹងក្លែងក្លាយ (Fake News) ដែលក្រុមបរទេសមួយចំនួនព្យាយាមផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជាក្នុងចេតនាអាក្រក់ញុះញង់ ដើម្បីបំភ័ន្តសាធារណៈជនជាតិអន្តរជាតិដឹងជាចេតនាបំផ្លាញដល់ឯករាជ្យអព្យាក្រឹត្យអចិន្ត្រៃយ៍របស់កម្ពុជាតែប៉ុណ្ណោះ”។
នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ បានអះអាងថា "ព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋឯករាជ្យ អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ដូចមានចែងនៅក្នុងមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងថែរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋ និងទប់ស្កាត់ការប៉ុនប៉ងទាំងឡាយ ដែលអូសទាញនាំឲ្យប្រទេសធ្លាក់ក្នុងសង្គ្រាមជាថ្មី ដើម្បីធ្វើយ៉ាងណាបន្តការអភិវឌ្ឍជាតិ ឲ្យមានការរីកចម្រើនទៅមុខ ដូច្នេះហើយកម្ពុជា មិនបានចូលរួមជាមួយសង្គ្រាមត្រជាក់ណាមួយ ឬអនុញ្ញាតឲ្យបរទេសណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួនធ្វើជាមូលដ្ឋានយោធា ដូចដែលព័ត៌មានក្លែងក្លាយទាំងនោះបានផ្សាយចោទប្រកាន់ទេ”។
ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសច្រានចោលទាំងស្រុង នូវការចុះផ្សាយរបស់សារព័ត៌មានAsia Times ដែលលាបពណ៌ ធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពវិស័យយោធា និងអព្យាក្រឹត្យ អចិន្ត្រៃយ៍របស់កម្ពុជា ហើយសូមឲ្យបញ្ឈប់ការផ្សាយដោយគ្មានប្រភពច្បាស់លាស់នេះតទៅទៀត។
ទាក់ទងបញ្ហានេះ នៅក្នុងជំនួបពិភាក្សារវាង លោក John Sullivan អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ជាមួយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នាប្រទេសសិង្ហបុរី លោក John Sullivan បានសម្ដែងកង្វល់ចំពោះព័ត៌មានដែលថា មានមូលដ្ឋានយោធាបរទេសនៅកម្ពុជា ហើយបើមានរឿងនេះមែន វានឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិក ប៉ុន្តែការលើកឡើងនេះ ត្រូវបានច្រានចោលដោយរដ្ឋមន្ត្រីការបរទេសកម្ពុជា ដោយបញ្ជាក់ថា នោះគ្រាន់តែព័ត៌មានមិនពិតតែប៉ុណ្ណោះ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា “ចំពោះបញ្ហាទាក់ទង និងព័ត៌មានស្ដីពីការរៀបចំមូលដ្ឋានកងទ័ពជើងទឹក នៅតំបន់ឆ្នេរសមុទ្រកម្ពុជានោះ គឺជាពាក្យចចាមអារ៉ាម ដែលកើតចេញពីការកើនឡើង នៃទំហំវិនិយោគរបស់ចិន នៅតំបន់នោះតែប៉ុណ្ណោះ។
រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួន និងមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួន នៅបរទេសឡើយ លើកលែងតែក្នុងក្របខ័ណ្ឌ អង្គការសហប្រជាជាតិ។ រាជរដ្ឋាភិបាលកម្ពុជា នឹងមិនរំលោភរដ្ឋធម្មនុញ្ញនោះឡើយ”៕
Source: Kampuchea Thmey Daily
0 Comments