ភ្នំពេញ ៖ ធនាគារអេស៊ីលីដា ភីអិលស៊ីបានចុះកិច្ចព្រមព្រៀងជាមួយសមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដើម្បីផ្តល់សេវាក្នុងការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធអេឡេចត្រូនិចជូនដល់កម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសនានា។
អនុស្សរណៈនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្តាលធនាគារអេស៊ីលីដា ភីអិលស៊ី ដែលការចុះហត្ថលេខាដោយ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រ កាត់ដេរនៅកម្ពុជា GMAC នៅទីស្នាក់ការកណ្ដាលធនាគារ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ការចាប់ដៃគូសហប្រតិបត្តិការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នេះក្នុងគោលដៅបម្រើសេវាបើកប្រាក់បៀវត្សជូនដល់កម្មករ-កម្មការិនីរោងចក្រកាត់ដេរ តាមរយៈសេវាធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយបញ្ចូលទឹកប្រាក់ក្នុងគណនីប្រាក់បៀវត្សរ៍របស់កម្មករ-កម្មការិនី ដោយប្រព័ន្ធអេឡិចត្រូនិក និងផ្តល់ភាពងាយស្រួល ឆាប់រហ័ស មានសុវត្ថិភាពខ្ពស់ ជៀសវាងនូវហានិភ័យផ្សេងៗ និងចំណេញពេលវេលាក្នុងការបើកប្រាក់បៀវត្សដល់បងប្អូនកម្មករ-កម្មការនី។
លោកបណ្ឌិតបានបន្ដថា តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់មធ្យោបាយបើកប្រាក់បៀវត្សរ៍ងាយស្រួលប្រកបដោយប្រសិទ្ធភាពខ្ពស់ដល់កម្មករ-កម្មការិនី នៃរោងចក្រកាត់ដេរដែលជាសមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។
លោកបណ្ឌិតបានបន្ដថា កម្មករ-កម្មការិនី អាចបើកប្រាក់បៀវត្សរ៍តាមរយៈអេស៊ីលីដា យូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) អេធីអឹម (ATM) គ្រប់ពេលវេលា ២៤ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុង១ សប្តាហ៍ ឬបញ្ជរបេឡានៅតាមការិយាល័យសាខាធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់ខេត្ត-ក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា រៀងរាល់ម៉ោងធ្វើការដោយ មិនគិតថ្លៃសេវា។
ជាងនេះទៅទៀត តាមរយៈសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត កម្មករ-កម្មការិនី អាចធ្វើការផ្ទេរប្រាក់ទៅកាន់សាច់ញាតិ ឬបងប្អូន, បង់ថ្លៃប្រើប្រាស់ទឹក-ភ្លើង, ទិញកាតទូរស័ព្ទ, ពិនិត្យមើលទឹកប្រាក់ក្នុងគណនី និងប្រតិបត្តិការផ្សេងៗជាច្រើនទៀត រួមទាំងការទូទាត់ថ្លៃទិញទំនិញ និងសេវាកម្ម នានាតាមរយៈឃ្យូអរកូដ ដែលមាននៅតាមទីតាំងដៃគូទាន់ចិត្ត របស់ធនាគារ អេស៊ីលីដា ប្រមាណជាង ១៦,០០០ ដៃគូ នៅទូទាំងប្រទេស ដោយមិនគិតថ្លៃសេវា។
លោកបណ្ឌិតអ៊ិន ចាន់នី បានបញ្ជាក់ថា បច្ចុប្បន្ននេះធនាគារបានផ្តល់សេវាដល់កម្មករកម្មាការិនីចំនួន២៥០រោងចក្រស្មើនឹង៧៤០០០នាក់ រួចហើយនឹងបញ្ជូនបុគ្គលិកបន្តចុះធ្វើនៅតាមរោងចក្រផ្សេងៗទៀតផងដែរ។
លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានឲ្យដឹងថា ការជ្រើសរើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី ជាដៃគូក្នុងការបើកប្រាក់បៀវត្សរ៍ដល់កម្មករ-កម្មារិនីនេះដោយសារតែធនាគារអេស៊ីលីដាមានវិសាលភាពធំទូលាយហើយការបើកតាមប្រព័ន្ធធនាគារនេះបានជួយដល់កម្មករ-កម្មារិនីយ៉ាងច្រើនដូចជាផ្ដល់នូវសុវត្ថិភាពខ្ពស់ និងឆាប់រហ័សជាដើម។
លោកប្រធានសមាគមបានបញ្ជាក់ទៀតថា នៅពេលដែល កម្មករប្រើប្រាស់សេវារបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បងប្អូនកម្មករ-កម្មការិនីអាចចំណេញបានច្រើន ដោយអាចធ្វើការចាត់ចែងសាច់ប្រាក់ និងធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈទូរស័ព្ទចល័តបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។
លោកប្រធានសមាគមក៏បានលើកទឹកចិត្តដល់សមាជិក GMAC ទាំងអស់ឲ្យប្រើប្រាស់សេវាកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដ៏វិសេស វិសាលទាំងនេះ។
លោកឧកញ៉ា វ៉ាន់ ស៊ូអៀងបានបញ្ជាក់ថា បច្ចុប្បន្ននេះសមាគមមានសមាជិកជាង៦០០ទៅលើ ផ្នែកវិស័យកាត់ដេរសម្លៀកបំពាក់ កាបូបនិងស្បែកជើងនិងមានកម្មករ-កម្មាការិនីប្រមាណ៩០ម៉ឺននាក់ ដោយចំណាយថវិកាប្រមាណ២០០លានដុល្លារអាមេរិក ទៅលើការបើកប្រាក់ឈ្នួលក្នុង១ខែៗ៕
Source: Kampuchea Thmey Daily
0 Comments