Ad Code

លោក Macron និយាយ​ថា អឺរ៉ុប​ដ៏​រឹងមាំ​ចាំបាច់​ត្រូវ “​ទប់ស្កាត់​ភាព​ចលាចល​ជាស​កល”



ប្រធានាធិបតី​បារាំង​លោក Emmanuel Macron កាលពី​ថ្ងៃអាទិត្យ​ បាន​អំពាវនាវ​ឲ្យ​មានការ​ជំរុញ អាល្លឺម៉ង់​- បារាំង​ដើម្បី​ធ្វើ​ឲ្យ​អឺរ៉ុប​ក្លាយទៅជា​តួអង្គ​សកល​ដ៏​រឹងមាំ​និង​មាន​ទំនុកចិត្ត​ជាង​មុន​ដែល​អាច​ទប់ស្កាត់ “​ភាពវឹកវរ​” នៅលើ​ឆាក​ពិភពលោក​។​

លោក Macron និង​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel បាន​ប្រើប្រាស់​ពិធី​រម្លឹក​សង្គ្រាម​ជា​បន្តបន្ទាប់​ដើម្បី​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​ខណៈដែល​ពួកគេ​ប្រឆាំងនឹង​កម្លាំង​ប្រជា​និយម​និង​ជាតិនិយម​នៅ​ទ្វីបអឺរ៉ុប​និង​ជំហរ “America First” របស់លោក Trump ។​

ខណៈ​ការបោះឆ្នោត​សភា​អ៊ឺរ៉ុប​នៅសល់​រយៈពេល​កន្លះ​ឆ្នាំ​ទៀត​នោះ លោក Macron បាន​អំពាវនាវ​យ៉ាងខ្លាំង​ក្លា​សុំ​ឲ្យ​មានការ​គាំទ្រ​ពី​លោកស្រី Merkel លើ​កំណែទម្រង់​ជាច្រើន​ដើម្បី​ពង្រឹង​អឺរ៉ុប​។​

លោក Macron បាន​ប្រាប់​សភា​អាល្លឺម៉ង់​ថា “​អឺរ៉ុប​មាន​កាតព្វកិច្ច​មិន​អនុញ្ញាត​ឲ្យ​ពិភពលោក​ធ្លាក់ចូល​ទៅក្នុង​ភាពវឹកវរ​ទេ​និង​នាំ​វា​ទៅលើ​ផ្លូវ​ឆ្ពោះទៅកាន់​សន្តិភាព​”​។​

លោក​បាន​និយាយ​នៅក្នុង​ពិធី​មួយ​ដើម្បី​គោរព​ដល់​ជនរងគ្រោះ​ពី​សង្គ្រាម​និង​របប​ផ្តាច់ការ​កាលពី​អតីតកាល​ថា “​នោះ​ហើយ​ជា​មូល​ហេតុដែល​អឺរ៉ុប​ត្រូវតែ​រឹងមាំ​និង​ទទួលបាន​នូវ​អធិបតេយ្យភាព​បន្ថែមទៀត​”​។​

លោក Macron បាន​និយាយទៀតថា វា​គឺជា​អឺរ៉ុប​ដែល​បាន​ដឹកនាំ​ការជំរុញ​ថាមពលបៃតង​និង​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​ហើយ​ឥឡូវនេះ​បាន​ជំរុញ​យ៉ាងខ្លាំង​ក្លា​នូវ​វិធីសាស្ត្រ​ពហុភាគី​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម សន្តិសុខ ការធ្វើ​ចំណាកស្រុក​និង​គោលនយោបាយ​បរិស្ថាន​។​

ក្នុងនាម​ជា​ប្រធានាធិបតី​បារាំង​ដំបូង​គេ​ដែល​បាន​និយាយ​ទៅកាន់​សភា​អាល្លឺម៉ង់​ក្នុង​រយៈពេល​១៨​ឆ្នាំ លោក Macron បាន​អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព​អឺរ៉ុប​កាន់តែខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​ប្លុក​នេះ​ដោះស្រាយ​បញ្ហា​ប្រឈម​នាពេល​អនាគត​នៅក្នុង​ពិភពលោក​ដែល​មិន​ប្រាកដប្រជា​មួយ​។​

ស្របពេល​ជាមួយគ្នា​នោះដែរ មេដឹកនាំ​អាល្លឺម៉ង់​បានបញ្ជាក់​សាជាថ្មី​ថា លោកស្រី​គាំទ្រ​ចំពោះ​សំណើ​របស់លោក Macron សម្រាប់​កងទ័ព​អឺរ៉ុប​នាពេល​អនាគត​ថា​ជា​និមិត្តសញ្ញា​នៃ​ទ្វីប​រួបរួម​មួយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu