Ad Code

ការរកឃើញ​នាវាមុជទឹក​អា​ហ្ស​ង់​ទីន​គឺជា “​ជំហាន​ដំបូង​” ដើម្បី​ដឹង​ពី​មូលហេតុ​នៃ​គ្រោះមហន្តរាយ



ការ​រកឃើញ​នាវាមុជទឹក​អា​ហ្ស​ង់​ទីន ​ដែល​បាត់​ខ្លួន​កាលពី​មួយឆ្នាំ​កន្លង​ទៅ បាន​ក្លាយជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ស្រោចស្រង់​ការស៊ើបអង្កេត​ដែល​ជាប់​គាំង​ចូល​ទៅ​ក្នុង​មូលហេតុ​នៃ​គ្រោះ​មហន្តរាយ​ក្រុម​សមុទ្រ​ដែល​ឆក់​យក​ជីវិត​សមាជិក​នាវិក​ចំនួន​៤៤​នាក់។

ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​បាន​អំពាវនាវ​ឲ្យ​នាវាមុជទឹក ARA San Juan ត្រូវ​នាំមក​ផ្ទៃ​ទឹក​ខាងលើ​វិញ​ដែលជា​កិច្ចការ​ដ៏​ធំ​សម្បើម​មួយ​ដែល​អាជ្ញាធរ​បាន​ព្រមាន​ថា ទំនងជា​ហួស​ពី​សមត្ថភាព​របស់​ពួកគេ។

ចៅក្រម​ទទួលបន្ទុក​ខាង​ការស៊ើបអង្កេត​លោកស្រី Marta Yanez បាន​និយាយថា “​យើង​កំពុងនិយាយ​អំពី​នាវា​នេះ​ដែល​ពោរពេញ​ដោយ​ទឹក​មាន​ទម្ងន់​២,៥០០​តោន​”​។​

លោកស្រី Yanez បាន​និយាយថា លោកស្រី​មិន​ចង់​ឲ្យ​នាំ​នាវា​នោះមក​ផ្ទៃ​ខាងលើ​វិញ​ទេ​។ លោកស្រី​បន្តថា “​បើ​ដូច្នេះ​មែន​វា​នឹង​បណ្តាល​ឲ្យ​វា​បាក់បែក​”​។ លោកស្រី​បាន​និយាយថា “​ខ្ញុំ​ចង់​ពិនិត្យ​ភស្តុតាង​នៅនឹងកន្លែង​”​។​

ប៉ុន្តែ​លោកស្រី​បានចេញ​ដីកា​កោះហៅ​មន្ត្រី​កងទ័ពជើងទឹក​អា​ហ្ស​ង់​ទីន​ដែល​ជិះ​លើ​នាវា Seabed Constructor នៅពេលដែល​វា​បាន​រកឃើញ​នាវាមុជទឹក​កាលពី​ថ្ងៃ​សុក្រ​ដែលមាន​រយៈពេល​មួយឆ្នាំ​និង​មួយថ្ងៃ​បន្ទាប់ពី​វា​បាត់​ខ្លួន​នៅក្នុង​សមុទ្រ​អា​ត្ល​ង់​ទិ​ក​ខាងត្បូង​។​

ដោយសារតែ​ការផ្ទុះ នាវាមុជទឹក​នេះ​ត្រូវបាន​គេ​រកឃើញ​នៅ​ជម្រៅ​ជាង​៩០០​ម៉ែត្រ​ក្នុង​តំបន់​ដែលមាន​ទឹក​ជ្រៅ​ចម្ងាយ​៤០០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​អា​ហ្ស​ង់​ទីន​។​

រ៉ូ​បូត​ក្រោម​ទឹក​មួយគ្រឿង​ដែល​ត្រូវបាន​បញ្ជូន​ទៅដោយ​នាវា Seabed Constructor ដែលមាន​ជំនាញ​ក្នុងការ​រុករក​ទឹក​ជ្រៅ​គឺ​បាន​បញ្ជូន​រូបភាព​ចំនួន​៦៧,០០០​សន្លឹក​នៃ​នាវា​ដែល​លិច​។​

កាលពី​ថ្ងៃ​សៅរ៍ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ Oscar Aguad បាន​ជួបគ្នា​ជាមួយ​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​និង​បានបង្ហាញ​រូបថត​នៃ​នាវា​នោះ​ដល់​ពួកគេ​។​

យោងតាម​ព័ត៌មាន​បឋម​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ដោយ​កងទ័ពជើងទឹក​អា​ហ្ស​ង់​ទីន​បាន​បង្ហាញថា នាវា San Juan បាន​ផ្ទុះ​ក្នុង​រយៈពេល​ពីរ​ម៉ោង​បន្ទាប់ពី​ទំនាក់ទំនង​ចុងក្រោយ​របស់ខ្លួន​ជាមួយ​មូលដ្ឋាន​កងទ័ពជើងទឹក Mar del Plata នៅ​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៧៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu