ឧត្ដរមានជ័យ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យ ដោយទទួលបានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្ទះលក់គ្រឿងឧបភោគ បរិភោគ និងគ្រឿងភេសជ្ជៈ ស្ថិតនៅផ្សាររង្វង់មូលថ្មី ភូមិអូជីក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងបានដកហូតមានដូចជា តែបៃតងដបតូចចំនួន២២១ដប ទឹកផ្លែឈើ៤៦ដប ទឹកសេរ៉ូ២៣ដប ទឹកដោះគោក្មេង៣៦ដប ទឹកសណ្ដែក៦កំប៉ុង នំធុងចំនួន៣ធុងធំ និងទឹកតែបូបូ៥០ដប យកមករក្សាទុកដើម្បីកម្ទេចចោលពេលក្រោយ។
បន្ទាប់មកមន្ត្រីកាំកុងត្រូល បានធ្វើការណែនាំអំពីផលប៉ះពាល់លើគុណភាពទំនិញ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារដល់អាជីវករ និងប្រជាពលរដ្ឋផងដែរ ទន្ទឹមនេះដែរ មន្ត្រីកាំកុងត្រូលក៏បានចែកខិត្តប័ណ្ណ ជូនអាជីវករដើម្បីឲ្យពួកគាត់យល់ដឹង និងមានការប្រុងប្រយ័ត្នអំពីរបៀបជ្រើសរើសផលិតផលយកមកបរិភោគ ជៀសវាងប៉ះពាល់ដល់សុខភាព៕
Source: Kampuchea Thmey Daily
0 Comments