Ad Code

សន្តិ​បណ្ឌិត​នេ​ត​សាវឿន ៖ ​នៅក្នុង​ឱកាស​បុណ្យ​អុំ​ទូក​យើង​នឹង​កម្លាំង​ការពារ​សណ្តាប់​ធ្នាប់​សន្តិ​សុខ​ជាង​១​ម៉ឺន​៣​ពាន់​នាក់



​ភ្នំពេញ ៖ ថ្លែង​ក្នុង​កិច្ចប្រជុំ​សម្រាប់​រៀបចំ​ការពារ​ស​ន្តិ​សុខ សណ្តាប់​ធ្នាប់​ក្នុង​ឱកាស​បុណ្យ​អុំទូក​បណ្តែត​ប្រទីប​សំពះ​ព្រះ​ខែ​និង​អកអំបុក​កាលពី​ថ្ងៃទី​១៦​វិច្ឆិកា លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិបណ្ឌិត​នេ​ត​សាវឿន បាន​ថ្លែង​ថា ​យើង​នឹង​ត្រៀមកម្លាំង​ការពារ​សណ្តាប់ធ្នាប់​សន្តិ​សុខ​ជាង​១​ម៉ឺន​៣​ពាន់​នាក់ ទាំង​កម្លាំង​ចម្រុះ​ទាំង​ចំហ​ និង ​សម្ងាត់ ដើម្បី​រៀបចំ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុងឱកាស​បុណ្យ​អុំ​ទូក។



លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ថ្លែង​បែបនេះ​ នៅក្នុង​កិច្ចប្រជុំ​រៀបចំ​ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់​ក្នុង​ឱកាស​បុណ្យ​អុំ​ទូក​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។ នេះ​បើ​តាម​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ អគ្គ​ស្នង​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​អគ្គស្នងការ​នគរបាល​ជាតិ​បើក​កិច្ចប្រជុំ​ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង​ក្នុង​ឱកាស​បុណ្យ​អុំ​ទូក​នៅ​ថ្ងៃ​២១​ដល់​២៣​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨​ខាងមុខ​។



ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ​បាន​ថ្លែង​បន្ត​ថា យើង​នឹង​ត្រៀមកម្លាំង​ជាច្រើន​នាក់​ទាំង​ចំហ​និង​សម្ងាត់ ក្នុង​បុណ្យជាតិ​នេះ​ ខណៈ​ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តទៅ​ធំ​ជាង​ឆ្នាំមុន ព្រោះ​ឆ្នាំនេះ​គឺ​មាន​ទូក​សរុប​ប្រមាណ​២៩៥​ទូក​ និង ​កីឡាករ​អុំ​មាន​រហូតដល់​ជិត​ពីរ​ម៉ឺន​នាក់​និង​ប្រទីប មាន​ចំនួន​១៥​ចំណុះ​ឲ្យ​ស្ថាប័ន​នានា​ទូទាំងប្រទេស​។



ជាមួយគ្នា​នោះ សមត្ថកិច្ច ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​ធ្វើ​ការ​សហការ​ជាមួយ​សមត្ថកិច្ច​ផង​ដែរ​ដើម្បី​ឲ្យ​ឱកាស​បុណ្យ​នេះ​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​សប្បាយរីករាយ​និង​សណ្តាប់ធ្នាប់​ល្អ​គ្មាន​បញ្ហា​អ្វី​កើតឡើង​នោះ​។



នៅក្នុង​កិច្ចប្រជុំ​ដើម្បី​ត្រៀម​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​នេះ​ដែរ លោកនាយ​ឧ​ត្ត​មសេនីយ៍​សន្តិ​បណ្ឌិត​នេ​ត សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង ​ជា​ប្រធាន​អនុ​គណៈកម្មការ​ការពារ​រក្សា​សន្តិសុខ​របៀបរៀបរយ​សណ្តាប់​ធ្នាប់​សង្គម​ចរាចរណ៍​ និង ​សុខភាព​ក៏បាន​ជំរុញ ដល់​កងកម្លាំង​ទាំងអស់​ត្រូវតែ​ការពារ​ឲ្យ​បាន​ដាច់ខាត​នៅ​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​ក្នុង​ឱកាស​បុណ្យ​នេះ​ឲ្យ​បាន​ល្អ​បំផុត និង​ត្រូវ​ផ្តល់​ព័ត៌មាន​ផ្សេងៗ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា​ខណៈ​ដែល​មាន​មុខសញ្ញា​ណាមួយ​មិន​ប្រក្រតី​នោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu