Ad Code

សមត្ថកិច្ច​បង្ក្រាប​ក្រុម​ជួញដូរ​ថ្នាំញៀន​បាន​២​នាក់​ទៀត​



កណ្តាល​ ៖ ក្រុម​ជនសង្ស័យ​ពាក់​ព័​ន្ធ​ជួញដូរ​ថ្នាំញៀន​ចំនួន​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​បង្ក្រាប​បាន​កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំ​ណុ​ច​ក្នុង​បរិវេណ​វត្ត​អង្គ​ស្លែង ភូមិ​ស្លែង​ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល ដែល​កាល​ពីស​ប្តាហ៍​មុន​នេះ​ ចាប់បាន​ក្រុម​ជនល្មើស​ជួញដូរ​ថ្នាំញៀន​បាន​ចំនួន៣​នាក់ ដកហូត​បាន​ថ្នាំញៀន​១៤​កញ្ចប់​។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ចំនួន​២​នាក់​ ដែល​បាន​ឃាត់ខ្លួន​នៅ​ពេល​នេះ១. ឈ្មោះ តន ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​លី​សែង​ មាន​ទីលំនៅ ភូមិ​ស្លែង ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល​(​គ្មាន​ផ្ទុក​នូវ​សារ​ធាតុ​ញៀន​ក្នុង​ទឹកនោម​ទេ​)​។ ២.​ឈ្មោះ អ៊ឹម ម៉ៅ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​នំ​ក្មេង​នៅ​តាម​សាលារៀន មាន​ទីលំនៅ​ភូមិ​ស្លែង ឃុំ​ជ្រៃ​លាស់ ​ស្រុក​ពញាឮ ខេត្តកណ្តាល (​គ្មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ទេ​)​។



នៅក្នុង​ការ​បង្ក្រាប​នោះ ​សមត្ថកិច្ច​ដកហូត​បាន សារធាតុ​ញៀន ម៉េ​តំ​ហ្វ​តា​មីន​(ice) ចំនួន ០២​កញ្ចប់​តូច ទម្ងន់​០,៣៦​ក្រាម និង​ឧ​បករ​ណ៍​ប្រើប្រាស់​សារធាតុ​ញៀន​( ដប​ច្នៃ​ជក់​ថ្នាំ​ចំនួន​០២ រួម​ទាំង ម៉ូតូ ០១​គ្រឿង​ម៉ាក គុប ស្លាក​លេខ ផ​2902​ភព​។

ប្រភព​ព័ត៌មាន​សមត្ថកិច្ច លោក វរសេនីយ៍ឯក ដួង តេង អធិការ​នគរបាល​ស្រុក​ពញាឮ បាន​មានប្រសាសន៍ថា នៅមុន​ថ្ងៃ​កើតហេតុ ខាង​កម្លាំង​សមត្ថកិច្ច​ផ្នែក​ជំនាញ​របស់​លោក​បាន​ទទួល​ព័ត៌មាន ពី​កម្លាំង​ភ្នាក់ងារ​សម្ងាត់​មក​ថា​ នៅត្រង់​ចំណុច​កើតហេតុ​(​ក្នុង​នៅក្នុង​បរិវេណ​វត្ត​អង្គ​ស្លែង ភូមិ​ស្លែង​ឃុំ​ជ្រៃ​លាស់​)​មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន មក​ធ្វើ​សកម្មភាព​។ ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ​រួចមក​ កម្លាំង​ផ្នែក​ជំនាញ​បាន​ធ្វើ​ការ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ជ្រៃ​លាស់ បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​សើ​ប​អង្កេត បាន​រកឃើញ​សកម្មភាព​ជនសង្ស័យ​ឈ្មោះ អ៊ឹម ម៉ៅ កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ពិតមែន​ ទើប​ធ្វើការ​បង្ក្រាប ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​ខណៈ​ឆែក​រក​ឃើញ​វត្ថុ​តាង​ជាក់ស្តែង​ថ្នាំញៀន​០១​កញ្ចប់​តូច​។



ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ថ្នាំញៀន​០១ កញ្ចប់​តូច​នេះ​ខ្លួន​យក​មក​លក់​ឲ្យ​គេ​ក្នុង​តម្លៃ​២៥០០០​រៀល​។ គេ​បាន​បញ្ជាក់​ថា ថ្នាំញៀន​នេះ​បាន​យក​ពី​ប្តី​របស់​ខ្លួន​ឈ្មោះ តន ថា បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​ឈ្មោះ តន ថា ជា​ប្តី​ដោយ​ឆែកឆេរ និង​ចាប់​យក​ថ្នាំញៀន​បាន​ចំនួន​០១ កញ្ចប់​តូច​ទៀត រួម​និង​ឧបករណ៍​សម្រាប់​សេព​(​ដប​ជក់​ថ្នាំញៀន​)​ចំនួន​០២​កំ​ប្លេ​រ​ផងដែរ​។

ចំណែកឯ​ជនសង្ស័យ​ឈ្មោះ​តន ថា វិញ​បាន​សារភាព​ថា ថ្នាំញៀន​ដែល​ខ្លួន​បាន​យក​មក​លក់​ពេល​កើតហេតុ​នេះ គឺ​បាន​ទិញ​មកពី​ជន​មិន​ស្គាល់ឈ្មោះ ជនជាតិ​វៀតណាម នៅ​ព្រែក​ព្នៅ ផ្ទះ​លើ​បែរ តាម​ដង​ទន្លេ ខ្លួន​ទិញ​ថ្នាំញៀន​មក​ទុក​គ្រាន់​ប្រើប្រាស់​ខ្លួនឯង​ទេ ប៉ុន្តែ​ដោយមាន​ក្មេងៗ​ក្នុងភូមិ តែងតែ​សុំ​ចែក​ទិញ​បន្ត ក៏​លក់​ចែកចាយ​បន្ត​ទៅ​។ បច្ចុប្បន្ន​ជន​ស​ង្ស័យ​ទាំង​០២នាក់ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ បន្ត​ចាត់ការ​តាម​នីតិវិធី​។



កាលពី​សប្តាហ៍​មុន​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ បាន​បង្ក្រាប​ក្រុម​ជួញដូរ​ថ្នាំញៀន​បាន​ចំនួន​៣​នាក់​ និង ​ដកហូត​បាន​ថ្នាំញៀន​ចំនួន​១៤​កញ្ចប់​ធំ​និង​តូច​នៅ​ភូមិ​តា​ពេ​ជ ឃុំ​ឈ្វាំង បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu