ភ្នំពេញ ៖ សាកសពមនុស្សស្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានជនមិនស្គាល់មុខនាំគ្នាដឹកយកមកទុកចោលនៅកន្លែងសពវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
អត្តសញ្ញាណសាកសព ជាមនុស្សស្រី ពុំស្គាល់ឈ្មោះនិងទីលំនៅ សម្បុរស សក់វែងស្លូតខ្មៅ មាឌល្មម កំពស់១,៥៧ សម្លៀកបំពាក់ ខោយឺតជើងវែង អាវយឺតដៃវែង។ នៅដងខ្លួនសាកសពមានស្លាកស្នាម រងរបួសពេញខ្លួន ស្នាមជាំហើមពោ កោសរលាត់ឡើងក្រមម នៅលើថ្ងាស១កន្លែង។
ស្នាមជាំហើមពោនៅលើថ្ពាល់ទាំងសងខាង ស្លឹកត្រចៀកខាងស្តាំជាំហើមពោដាច់រយៈឡើងក្រមម ស្លឹកត្រចៀកខាងឆ្វេងជាំហើមពោកោសរលាត់ឡើងក្រមម ស្នាមជាំហើមពោកោសរលាត់ឡើងក្រមម នៅដៃសងខាង។ ស្នាមជាំហើមពោកោសរលាត់នៅជើងទាំងសងខាង។ ជើងទាំងសងខាងហើម។ គូទលេចលាមក និងមានស្រក់ឈាមផ្នែកខាងក្រោយ។
លោក ឡូត ផាត់ ភេទប្រុស អាយុ៧៩ឆ្នាំ ជាអាចារ្យវត្តទឹកថ្លា ផ្នែកបូជានិងតម្កល់សាកសពបានឲ្យដឹងថា នៅវេលាម៉ោង១ឈានចូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ពេលដែលគាត់កំពុងស្នាក់នៅបន្ទប់កន្លែងតម្កល់សពក៏មានមនុស្សស្រីម្នាក់បើករ៉ឺម៉កម៉ូតូដឹកសាកសពមនុស្សស្រីម្នាក់ខាងលើយកមកដាក់ចោលនៅទីនេះ។ គាត់បានសួរទៅពួកគេថា យកសពមកពីណាមានលិខិតស្នាម ឬទេ ហើយមនុស្សស្រីម្នាក់នោះ ឆ្លើយថា ចាំស្អែកម៉ោង៩ព្រឹកចាំខ្ញុំយកលិខិតស្នាមមកឲ្យរួចមនុស្សស្រីម្នាក់នោះក៏បានលើកសពចេញពីរ៉ឺម៉កដាក់ក្នុងសាលនិងបានបើកម៉ូតូរ៉ឺម៉កចាកចេញទៅបាត់តែម្តង។ លុះស្អែកឡើងគាត់ចាំរហូតដល់ម៉ោង១១ព្រឹក ពុំឃើញមនុស្ស ស្រីម្នាក់នោះយកលិខិតស្នាមមកឲ្យគាត់ ទើបគាត់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យដឹងតែម្តង។
ពាក់ព័ន្ធការយកសាកសពមិនស្គាល់អត្តសញ្ញាណមានស្នាមរបួសដោយធ្វើទណ្ឌកម្ម យកមកប្លុងចោលនេះ ត្រូវបានសាក្សីម្នាក់ ឈ្មោះ ផល មុន្នីទិដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាអ្នកដឹកសពបាននិយាយថា នៅវេលាយប់ថ្ងៃកើតហេតុនោះចំពេលដែលគាត់បានបើករថយន្តដឹកសាកសពមនុស្សប្រុសម្នាក់យកមកតម្កល់នៅវត្តទឹកថ្លាដែរ ពេលបើកមកដល់ក្នុងវត្តគាត់បានឃើញមនុស្សប្រុសម្នាក់និងស្រីម្នាក់បើកម៉ូតូរ៉ឺម៉កម៉ាកវីវ៉ា ពាក់ស្លាកលេខ ភ្នំពេញ 1F 5941 ហើយនៅក្នុងកន្ទុយរ៉ឺម៉កមានសាកសពមនុស្សស្រីម្នាក់រួចខ្ញុំបានឃើញ មនុស្សស្រីនោះដើរទៅជួបតាអាចារ្យហើយគាត់បានសួរមនុស្សប្រុសដែលមកជាមួយថា យកសពមកពីណា តែមនុស្សប្រុសនោះមិនចេះនិយាយខ្មែរ បន្តិចមកមនុស្សស្រីនោះបានដើរមករ៉ឺម៉កវិញលើកសពចេញយកទៅដាក់កន្លែងតម្កល់សព។
ខណៈនោះដោយមានការសង្ស័យគាត់ក៏បានលួចថតស្លាកលេខម៉ូតូដឹកសពនោះបាន១ប៉ុស្តិ៍ទុក រួចគាត់ក៏បានបើកឡានចេញទៅវិញ។ ប៉ូលិសនិយាយថា សាកសពស្លាប់ដោយប៉ះទង្គិចក្បាលនិងខ្លួនប្រាណធ្ងន់ធ្ងរជាការធ្វើទារុណកម្មរហូតដល់ស្លាប់ទើបគេយកមកចោលតែម្តង៕
Source: Kampuchea Thmey Daily
0 Comments