ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង ឈប់ចតតាមចិញ្ចើមផ្លូវដោយ អត់មានភ្លើងសញ្ញាខាងក្រោយ ទើបត្រូវបានម៉ូតូមួយគ្រឿងបើកបុកពីក្រោយបណ្ដាលឲ្យដួលរងរបួសធ្ងន់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិថ្នល់បំបែកសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កម៉ាក FRIGHTLINER ពណ៌សលាយស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 3O-8021 កំពុង ឈប់ចតតាមផ្លូវ ពីលិចទៅកើត។ ម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី២០០៦ ពណ៌ខ្មៅមិនមានស្លាកលេខ បើកបរបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតរងរបួស ធ្ងន់បាក់ដៃស្ដាំ ម្ខាង។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុគេឃើញ រថយន្ត កុងតឺន័រ ២គ្រឿងឈប់បន្តកន្ទុយគ្នា ដោយរថយន្តបង្ក នៅខាងក្រោយមានភ្លើងស៊ីញ៉ូ សុំផ្លូវនៅក្បាលរថយន្តខាងមុខ ចំណែកកន្ទុយសណ្តោង កុងតឺន័រខាងក្រោយ ពុំមានភ្លើងជាសញ្ញាឡើយ បន្ទាប់មកស្រាប់តែមានម៉ូតូជនរងគ្រោះ បើក្នុងទិសដៅពីលិចទៅកើតស្របជាមួយ រថយន្តដែលឈប់ចតតាមផ្លូវបុកចំពីក្រោយរថយន្ត ផ្នែកខាងឆ្វេង និងបោកជនរងគ្រោះ ចំដៃខាងស្តាំបណ្តាលឲ្យដួលបាក់ដៃខាងងស្តាំ ម្ខាងតែម្តង។ បន្ទាប់មកជនរងគ្រោះត្រូវបាន រថយន្តសាមុយឯកជនសម្ភពរស្មីបានដឹកយកទៅ សង្គ្រោះភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យមកវាស់វែង និង យករថយន្តនិង ម៉ូតូយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយនៅថ្ងៃក្រោយ៕
Source: Kampuchea Thmey Daily
0 Comments