បន្ទាយមានជ័យ ៖ ដាល់ពីរដៃសន្លប់ចាប់រំលោភប្អូនស្រីថ្លៃ រួចគេចខ្លួនត្រូវនគរបាលស្រុកថ្មពួក តាមចាប់ខ្លួនបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកថ្មពួកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ ស ត អាយុ១៧ឆ្នាំ រស់នៅភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
យោងតាមការរៀបរាប់របស់នារីរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ កែវ វណ្ណឌី អាយុ ២៦ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា ហើយក៏ត្រូវជាបងថ្លៃផងដែរ។ នៅយប់កើតហេតុថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០១៨ ម៉ោងប្រមាណ២០និង៣០នាទី ជនសង្ស័យជាបងថ្លៃបានពឹងឲ្យខ្លួនជូនទៅផ្ទះវិញដោយបងថ្លៃជាអ្នកឌុប តែជិះមកដល់ផ្លូវចូលផ្ទះជនសង្ស័យជាបងថ្លៃអត់ឈប់ទេបែរជាជិះបង្ហួសទៅចូលផ្លូវលំដីក្រុមហ៊ុនជាតិអភិវឌ្ឍន៍ចម្ងាយ ៥០០០ម៉ែត្រ ពីផ្លូវជាតិលេខ៥៨ជាកន្លែងស្ងាត់បន្ទាប់មកក៏ចាប់បង្ខំតែម្តង។
នារីរងគ្រោះ ហ ស ត បានបន្តទៀតថា ខ្លួនត្រូវបានបងថ្លៃដាល់ចំក្បាលពោះពីរដៃបណ្តាលឲ្យសន្លប់ ហើយក៏ត្រូវបងថ្លៃរំលោភរហូតបានសម្រេច។ ក្រោយពីដឹងខ្លួនក៏អង្វរឲ្យបងថ្លៃឌុបជូនខ្លួនមកផ្ទះវិញ។ បន្ទាប់ពីជិះមកដល់ពាក់កណ្តាលផ្លូវក៏ជួបជាមួយអ្នករកសត្វខ្លួនក៏លោតចុះពីម៉ូតូស្រែកឡើងថា បងថ្លៃបានចាប់ខ្លួនរំលោភ លឺដូច្នេះបងថ្លៃក៏បន្ថែមល្បឿនគេចបាត់ស្រមោល។
លោក សៅ សារឿន បានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងនារីរងគ្រោះ លោកបានចាត់កម្លាំងស្រាវជ្រាវ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី ទើបកម្លាំងយើងឃាត់ខ្លួនបាននិងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments