Ad Code

កាយវិការ​របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ និង​សិស្ស​តូចៗ​ ធ្វើ​ឲ្យ​មហាជន​លោក​ស្ងើច​សរសើរ​



​ភ្នំពេញ ៖ កាយវិការ​សំពះ​គោរព​គ្នា​ទៅវិញទៅមក​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​និង​ប្អូនៗ​សិស្សសាលា​តូចៗ ​ធ្វើ​ឲ្យ​មហាជន​ លោក​មានការ​ស្ងើច​សរសើរ ​ព្រោះ​កម្រ​បាន​ឃើញ​សកម្មភាព​បែបនេះ​នាពេល​កន្លងមក​។​

តាម​ប្រសាសន៍​របស់​ លោកតា សឹម ធាន បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅ​ព្រឹក​ថ្ងៃទី​១៦​វិច្ឆិកា​នេះ​ថា​ លោកតា​បាន​តាមដាន​នូវ​សកម្មភាព​របស់​ក្មួយៗ​ ដែលជា​សមត្ថកិច្ច​ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នៅពេលដែល​សមត្ថកិច្ច​ទាំងនោះ​បាន​ទៅ​ដឹក​ដៃ​សិស្សសាលា​តូចៗ​ ឲ្យ​ឆ្លង​ផ្លូវ​ជា​រៀង​រាល់ពេល​មិនដែល​ខកខាន​ឡើយ ​ហើយ​នៅ​គ្រប់​សាលា​ទាំងអស់​ ទូទាំង​រាជធានី​ភ្នំពេញ​។​

អ្វីដែល​លោកតា​សូម​ស្ងើច​សរសើរ​នោះ​ គឺ​នៅពេលដែល​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹក​ដៃ​សិស្ស​ឆ្លង​ផុត​ផ្លូវ​រួចមក ​លោកតា​បាន​ឃើញ​សិស្ស​តូចៗ​ បាន​លើកដៃ​សំពះ​អរគុណ​ដល់​បងៗ សមត្ថកិច្ច​ ហើយ​សមត្ថកិច្ច​វិញ​បាន​លើកដៃ​សំពះ​តប​មកវិញ​ គួរ​ឲ្យ​រំភើប​ និង​ស្រឡាញ់ ​ទាំង​ភាគី​ទាំងពីរ​ខ្លាំងណាស់​។

​សកម្មភាព​បែបនេះ​ បើសិនជា​ប្រជាពលរដ្ឋ​ខ្មែរ​អនុវត្តន៍​ឲ្យ​បាន​គ្រប់ៗ​គ្នា​ នៅ​ទូទាំងប្រទេស​ គឺ​ច្បាស់​ជា​ខ្មែរ​យើង​ចេះ​ស្រឡាញ់​ជាតិ​សាសន៍​ យើង ​នឹង​លែងមាន​អំពើ​ហិង្សា​កើតឡើង​តទៅទៀត​ហើយ​។​

ហើយ​បើ​ខ្មែរ​យើង​ចេះ​គោរព​ និង​ស្រឡាញ់​គ្នា​ដូច​ក្នុង​រូបភាព​ខាងលើនេះ ​គឺ​ជនបរទេស​ក៏​កោតខ្លាច​ខ្មែរ​យើង​ទៀត​ផង​។​

លោកតា​បញ្ជាក់​ថា ​មិនថាតែ​លោកតា​ទេ ​ដែល​បាន​កោត​សរសើរ​នូវ​សកម្មភាព​ដ៏​ល្អ​កម្រ​បាន​ឃើញ​បែបនេះ​គឺ​សូម្បីតែ​មហាជន​ក៏បាន​លួច​ស​សើរ​និង​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា​សកម្មភាព​នេះ​ គឺជា​គំរូ​មួយ​ដ៏​ល្អ​ដែល​សុំ​ឲ្យ​ខ្មែរ​យើង​ត្រូវ​ចេះ​រួបរួមគ្នា​ ដើម្បី​កសាង​ជាតិ​យើង​ឲ្យ​បាន​ថ្កុំថ្កើង​តរៀង​ទៅ​។​

គួរ​បញ្ជាក់ថា ​សកម្មភាព​ដែល​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចេញទៅ​ជួយ​ធ្វើ​ចរាចរណ៍​ និង​ដឹក​ដៃ​សិស្ស​ឆ្លង​ផ្លូវ​រាល់ថ្ងៃនេះ​ គឺ​អនុវត្តន៍ តាម​ការ​បញ្ជារ​ផ្ទា​ល់​ពី​លោក​ឧត្ដមសេនីយ៍​ឯក រ​ត្ន័​ ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដែល​ជា​និច្ចកាល ​លោក​មេបញ្ជាការ​តែងតែ​ណែនាំ​ដល់​មន្ត្រី​អាវុធហត្ថ​ទាំង​អស់​ ត្រូវ​ចុះ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅតាម​បណ្ដា​សាលា​ក្នុង​រាជធានី​ភ្នំពេញ​ ពិសេស​ត្រូវ​ដឹក​ដៃ​សិស្ស​ឆ្លង​ផ្លូវ​ឲ្យ​ទាល់តែ​អស់ ​មុន​ នឹង​ចេញទៅ​បំពេញការងារ​នៅតាម​បណ្ដា​ទីតាំង​ដទៃទៀត​។

​ទិសដៅ​របស់លោក​មេបញ្ជាការ ​គឺ​ការពារ​មិន​ឲ្យ​សិស្សានុសិស្ស​ និង​លោកយាយ​ លោកតា​ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ពេល​ឆ្លង​ផ្លូវ​ចេញពី​សាលា​ និង​ទី​អារាម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu