ឧត្តរមានជ័យ ៖ លោកជំទាវ មុំ ផាន់នី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានធ្វើការក្រើនដល់មន្ត្រីបរិស្ថាន និងប្រជាសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវន្ត ត្រូវរួមគ្នាថែរក្សាអភិរក្សធនធានធម្មជាតិនៅតំបន់នេះ ឲ្យបានកាន់តែល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់ ដើម្បីថែរក្សាទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់យល់ដឹងពីសារសំខាន់ នៃព្រៃឈើ និងសត្វព្រៃ។
បន្ថែមលើសពីនេះទៀតនោះ ក្រសួងបរិស្ថានកំពុងយកចិត្តទុកដាក់រៀបចំតំបន់នេះ ប្រែក្លាយជាតំបន់អេកូទេសចរបែបធម្មជាតិដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាដើរលេងកម្សាន្ត រួមចំណែកក្នុងការបង្កើនចំណូល លើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់នេះឲ្យកាន់តែធូរធារផងដែរ។
ប្រសាសន៍បែបនេះត្រូវបានលោកជំទាវ មុំ ផាន់នី រដ្ឋលេខាធិការក្រសួងបរិស្ថានលើកឡើងនាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងពិធីសំណេះសំណាល និងចែកពូជសត្វ សម្ភារៈទេសចរណ៍ធម្មជាតិនិងសម្ភារៈកសិកម្មជូនដល់ប្រជាសហគមន៍ចំនួន១១គ្រួសារ ដែលរស់នៅតំបន់ការពារធនធានធម្មជាតិ សង្ឃរុក្ខវន្ត។
ក្នុងនោះផងដែរ ក៏មានការចូលរួមពីឯកឧត្ដម វ៉ាត់ ប៉ារ៉ានីន អភិបាលរងខេត្ត ព្រះមេគុណខេត្តប៊ុន សាលួត ប្រធានសហគមន៍ព្រៃឈើសង្ឃរុក្ខវន្ត លោក ភួង លីណា ប្រធានមន្ទីរបរិស្ថាន និងមន្ត្រីបរិស្ថាន ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់សហគមន៍ជាច្រើនគ្រួសារផងដែរ។
សម្ភារៈ និងពូជសត្វដែលចែកជូនប្រជាសហគមន៍ទាំង១១គ្រួសារនាពេលនោះរួមមាន គោយន្តមួយគ្រឿង.ធុងដាក់សំរាមចំនួន០៥ រទេះរុញសំរាមពីតង់៤០ ស្បៃមុង២០ អង្ករ០២ការុង កង់ចំនួន០៦គ្រឿង ពូជសត្វមាន់១១០គីឡូក្រាមផងដែរ៕
Source: Kampuchea Thmey Daily
0 Comments