ភ្នំពេញ ៖ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាមិនបានលើកយកបញ្ហានយោបាយ និងសំណុំរឿង លោក កឹម សុខា មកនិយាយឡើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ផ្ដល់ព័ត៌មានឲ្យអ្នកកាសែត។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា ក្នុងជំនួបពិភាក្សារវាង លោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសរបស់អ្នកអង្កការសហប្រជាជាតិ ជាមួយលោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌នាព្រឹកថ្ងៃទី០៦វិច្ឆិកាថា លោកស្រី រ៉ូណាស្មីត មិនបានលើកឡើងពីបញ្ហានយោបាយ និងការជាប់ឃុំក្នុងផ្ទះរបស់ លោក កឹម សុខា និងក្រុមប្រឆាំងនោះមកនិយាយទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា ក្នុងជំនួបបានលើកឡើងពីបច្ចេកទេសផ្លូវច្បាប់តែប៉ុណ្ណោះក្នុងការដោះស្រាយបញ្ហាអ្នកជាប់ពន្ធនាគារដែលមានចំនួនច្រើនឡើងៗធ្វើឲ្យកកស្ទះ នៅក្នុងពន្ធនាគារ។
លោកបញ្ជាក់ថា គាត់រីករាយនឹងជួយលើបញ្ហាបច្ចេកទេស ហើយគាត់ក៏បានលើកឡើង ពីក្តីកង្វល់ពាក់ព័ន្ធនឹងការកកស្ទះចំនួនអ្នកទោសនៅពន្ធនាគារ ការទទួលបានសេវាយុត្តិធម៌ ពីជនគ្រប់រូបនៅកម្ពុជា វិធានភស្តុតាងរបស់ចៅក្រមក្នុងការកាត់សេចក្ដីជាដើម។
លោក ជិន ម៉ាលីន ក៏បានលើកឡើងក្នុងជំនួបភាគីក្រសួងក៏បានលើកឡើងពីការវិវត្តន៍ នៃទម្រង់និមួយៗ ហើយត្រូវបានលោកស្រី រ៉ូណាស្មីត រីករាយ និងស្វាគមន៍ និងបានស្នើឲ្យក្រសួងដោះស្រាយកង្វល់មួយចំនួននោះផងដែរ។ លោកថា ក្រសួងបានស្វាគមន៍ក្នុងការដោះស្រាយបញ្ហាដែលជាក្តីកង្វល់ទាំងនោះ។ លោកគូសបញ្ជាក់ថា បញ្ហាដែលគាត់លើកឡើងនោះ ក៏ជាបញ្ហាដែលយើងកំពុងតែដោះស្រាយ។
យើងពិភាក្សាគ្នានេះ គឺធ្វើយ៉ាងណាឲ្យអនុម័តនូវបញ្ញត្តិច្បាប់ដែលមានចែងដូចជា ការអនុវត្តទោសសហគមន៍ ប៉ុន្តែយើងមិនទាន់អនុវត្តបាន ព្រោះថាប្រជាពលរដ្ឋមិនទាន់ បានយល់នោះទេ។
ប្រសិនបើយើងអនុវត្តទៅនឹងទទួលបានភាពបរាជ័យ ហើយបង្កើតជាបញ្ហានៅក្នុងសង្គមទៅវិញទេ ។ អញ្ចឹង ក្នុងជំនួបបានពិភាក្សាវិធានការ នៃយន្តការដែលកម្ពុជាមានស្រាប់ហើយ មិនទាន់អនុវត្ត ។ បើតាមការអះអាងរបស់អ្នកនាំពាក្យដដែលបានឲ្យដឹងថា ក្នុងជំនួបនោះ លោកស្រី រ៉ូណា ស្មីតមិនបានលើកពីក្តីកង្វល់របស់អតីតគណបក្សសង្គ្រោះជាតិ និងការជាប់ពន្ធនាគាររបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នោះទេ។
លោកបញ្ជាក់ថា គាត់មិនបានលើកឡើងករណីនឹងទេ ដូច្នេះយើងមានការចាំបាច់អ្វីទៅពន្យល់រឿងហ្នឹងទៅប្រាប់គាត់។ គាត់មិនបានលើកពីបញ្ហាសិទ្ធិមនុស្សជាទូទៅទេ គាត់ផ្ដោតទៅលើកឡើង តែ ពាក់ព័ន្ធនឹងការកែលំអប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដើម្បីលើកកម្ពស់ និងវិធានការធានា ឲ្យទទួលបានការការពារដោយយុត្តិធម៌ ស្មើភាពគ្នាចំពោះមុខច្បាប់៕
Source: Kampuchea Thmey Daily
0 Comments