ភ្នំពេញ ៖ ក្រោមការបញ្ជាពីសំណាក់ លោក ឧត្តមសេនីយ៍ឯក ស ថេត កម្លាំងព្រហ្មទណ្ឌកំរិតស្រាល របស់ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបទូហ្គេមបាញ់ត្រីនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ចាប់ចំនួន២ទីតាំង ដកហូត ទូរហ្គេមបាញ់ត្រីចំនួន១៣ទូ និងអ្នកចូលទៅលេងចំនួនជិត៣០នាក់។
ប្រតិបត្តិការនេះបានធ្វើឡើង កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវបេតុងនៅចំណុច ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើង ដើម្បីលុបបំបាត់បទល្មើសឆក់ ប្លន់ គ្រឿងញៀន ការបង្ក្រាបទីតាំងទូហ្គេមនៅទីក្រុងភ្នំពេញ ជាពិសេសតំបន់ទេសចរណ៍ និងក្បែរផ្ទះថ្នាក់ដឹកនាំកំពូលៗ ត្រូវតែធ្វើឲ្យបានល្អ និងមិនអនុញ្ញាតឲ្យបើកឡើយ បើនរណាអនុញ្ញាតិ អ្នកនោះទទួលខុសត្រូវចំពោះមុខច្បាប់។
ជាមួយគ្នានេះ លោក ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើង " អរគុណបងប្អូនដែលផ្តល់ព័ត៌មានមកខ្ញុំអំពីបញ្ហាទូហ្គេមបាញ់ត្រីដែលបង្កប់ទៅដោយបញ្ហាគ្រឿងញៀន ក្មេងទំនើងល្បែងស៊ីសង និងបញ្ហាផ្សេងទៀត"។
សូមបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រ ខណ្ឌចំការមន មានល្បែងស៊ីសង ជាច្រើនប្រភេទ ទៀតបានកំពុងបើកលែងយ៉ាងរលូនពិសេស ល្បែងហ្គេមបាញ់ត្រីនៅក្រោយ ក្រុមហ៊ុន ទូរស័ព្ទ QBនិង ច្រមុះជ្រូកក្បាលថ្នល់និង ផ្លូវ២៧១ ក្នុងសង្កាត់ផ្សាដើមថ្កូវខណ្ឌចំការមន។ បើចំណែកល្បែងភ្នាល់បាល់វិញ រាប់សិបកន្លែងឯណោះ៕
Source: Kampuchea Thmey Daily
0 Comments