ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៩ខាងមុខនេះរាជរដ្ឋាភិបាលជប៉ុនបានបន្តផ្តល់ជំនួយជិត៤លានដុល្លារដល់ស៊ីម៉ាក់ដើម្បីធ្វើគាំទ្រកិច្ចប្រតិបតិ្តការបោសសំអាតមីននៅកម្ពុជា។
លោកអគ្គនាយកបានបន្តថា ថវិកាជិត៤លានដុល្លារដែលភាគីជប៉ុនផ្តល់ដល់ស៊ីម៉ាក់នោះ ក្នុងនោះមានថវិកាចំនួន៣,៥៣៦,៦៨០ដុល្លារអាមេរិក សម្រាប់គាំទ្រកិច្ចប្រតិបតិ្តការបោសសំអាតមីន និងថវិកាចំនួនជាង៣០ម៉ឺនដុល្លារ សំរាប់ការអភិវឌ្ឍន៍ របស់អង្គភាពស៊ីម៉ាក់ នៅទិសខេត្តបាត់ដំបង ក្រោយគំរោងសមាហរណកម្មការបោសសំអាតមីន និងសង្គ្រោះជនពិការដោយសារមីន ដែលគំរោងនេះមានរយៈពេល១២ខែ (១ មករា-៣១ ធ្នូ ២០១៩) ហើយនេះជាឆ្នាំទី៣ នៃគំរោងផងដែរ។
គួរបញ្ជាក់ថា ជប៉ុនជាប្រទេសនាំមុខគេមួយ ដែលផ្តល់ជំនួយសម្រាប់សកម្មភាពបោសសំអាតមីននៅកម្ពុជា។ គិតចាប់ពីបើកប្រតិបត្តិការជាង២០ឆ្នាំកន្លងមកនេះ ស៊ីម៉ាក់បានធ្វើការកម្ទេចគ្រាប់មីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ រហូតដល់២,៧លានគ្រាប់ ពោលប្រមាណ៧០ភាគរយ នៃគ្រាប់មីនដែលបន្សល់ទុក និង៥៣ភាគរយ នៃចំនួនផ្ទៃដីសរុបដែលមានគ្រាប់មីន។
លោក ហេង រតនា បានបញ្ជាក់ទៀតថា ជាមួយគំរោងជំនួយរបស់ជប៉ុននេះ មានមន្ត្រីជំនាញចំនួនជាង៤៥០នាក់ បម្រើកិច្ចប្រតិបត្តិការ និងមានគ្រឿងចក្រកំទេចមីនចំនួន១១គ្រឿង ដោយមានសមត្ថភាពរំដោះផ្ទៃដីចំការមីនជាង២,៧៥០ហិចតា។ ទន្ទឹងនេះក៏មានជួយជីកស្រះទឹក ធ្វើផ្លូវលំជនបទផងដែរ ដើម្បីជួយការងារអភិវឌ្ឍន៍ជូនសហគមន៍។
លោកអគ្គនាយកបានឲ្យដឹងថា គំរោងបោសសំអាតមីននេះ ត្រូវអនុវត្តដោយអង្គភាពស៊ីម៉ាក់ ដោយមានភ្នាក់ងារជប៉ុន JICS (Japan International Consultant System) ត្រួតពិនិត្យគុណភាព។
សូមជម្រាបថា នៅឆ្នាំ២០១៨នេះ ស៊ីម៉ាក់បានដាក់ចេញផែនការបោសសំអាតផ្ទៃដីចំការមីន ឲ្យបាន១២០គីឡូម៉ែត្រការ៉េ ត្រូវការជំនួយប្រមាណ១៨លានដុល្លារអាមេរិក។ យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥បានឲ្យដឹងថា នៅកម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១៩៧០គីឡូម៉ែត្រការ៉េ ក្នុងនោះប្រមាណ ៨៧៧គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន ៤៩៩គីឡូម៉ែតការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង ៣៣៣គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម។
ផ្ទៃដីមានគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត២ពាន់គីឡូម៉ែត្រការ៉េនេះ កម្ពុជាត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារ សម្រាប់បោសសំអាតរយៈពេលពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២៥ខាងមុខ។
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៧ ការបោសសំអាតផ្ទៃដីមានគ្រាប់មីនបានចំនួនជាង១.៦៨០គីឡូម៉ែត្រការ៉េជូនប្រជាពលរដ្ឋសម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា និងបានរកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន១.០៤៧.៤៤៧គ្រាប់, មីនប្រឆាំងរថក្រោះ២៤.៦១៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម២.៧១៣.៦០៦គ្រាប់ ព្រមទាំងបានធ្វើឲ្យចំនួនជនរងគ្រោះ ធ្លាក់ចុះពី៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៥៨នាក់ក្នុងឆ្នាំ២០១៧កន្លងទៅ៕
Source: Kampuchea Thmey Daily
0 Comments