Ad Code

ណែនាំ​ពី​ម្ចាស់​ពាន​នានា ​ក្នុង​ព្រឹត្តិការណ៍ Cambodian Football Award ប្រចាំឆ្នាំ​២០១៨​នេះ​



កម្មវិធី​«​ពានរង្វាន់​បាល់ទាត់​កម្ពុជា​» ឬ Cambodian Football Award លើក​ទី​២ ប្រចាំ​រដូវ​កាល​២០១៨ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានរៀបចំ​ឡើង​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​១៦ ខែវិច្ឆិកា​ឆ្នាំ​២០១៨ ថ្មីៗ​នេះ​នៅ​មជ្ឈមណ្ឌល The Premier Centre Sen Sok ក្នុង​រាជធានី​ភ្នំពេញ​។



ជា​រួម​ម្ចាស់​ពាន​ដែល​ទទួលបាន​ពានរង្វាន់​គឺ​ពាន​ឯកត្តជន​បាន​ទៅ​កីឡាករ នួន បូរី ចំនួន​៤​ម្នាក់ឯង ដោយ​ក្នុងនោះ​មាន​ពានរង្វាន់​កីឡាករ​ល្អ​ជាងគេ និង​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើនជាងគេ​ចំនួន ៧​គ្រាប់ ក្នុង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៨ ។ រីឯ​ពាន ២​ទៀត គឺជា​ពាន​រៀបចំ​ដោយ CNCC ដែល​សម្រេច​ដោយ​គណៈកម្មកា​រ​ជំនាញ ដោយ​ផ្អែកលើ​ការប្រកួត​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន រួមមាន​ពាន​កីឡាករ​ក្នុងស្រុក​ទាត់​បញ្ចូល​ទី​ច្រើនជាងគេ អាយុ​ក្រោម​២៣​ឆ្នាំ និង​ពាន​កីឡាករ​ក្នុងស្រុក​ទាត់​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​។



​ចំណែក​ពានរង្វាន់​ផ្សេងៗ​ទៀត សម្រាប់​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ចំពោះ​ក្រុម​ជ័យលាភី ជើងឯក​គឺ​ក្រុម​ក្រសួងការពារជាតិ​, ជើងឯក​រង​ក្រុមប៉ូលិស​, លេខ​៣ ស្ទួន​រួមមាន​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ និង​ក្រុម​ណាហ្គា​វើ​ល​។ ពានរង្វាន់​គ្រូបង្វឹក​ល្អ បាន​ទៅ​គ្រូបង្វឹក​របស់​ក្រុម​ជើងឯក​ក្រសួងការពារជាតិ លោក ភា សុ​ភ័​ក្ដ្រា​, ពាន​អ្នកចាំទី​ល្អ​ជាងគេ បាន​ទៅ​កីឡាករ អ៊ុំ សេរី​រ័ត្ន របស់​ក្រសួងការពារជាតិ​, ក្រុម​លេង​ល្អ​ជាងគេ Fair-Play បាន​ទៅ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​, និង​ពាន​ក្រុម​អាជ្ញាកណ្ដាល​ល្អ​ជាងគេ រួមមាន​លោក ស្រី សុ​វណ្ណា​រ៉េត​, លោក យួន វិ​រៈ​, លោក គឹម ស៊ី​ពិសាល និង​លោក ហាន សោភ័ណ្ណ។



ងាក​មក​មើល​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា វិញ​ក្រុម​ជ័យលាភី​ជើងឯក គឺ​ក្រុម​ណាហ្គា​វើ​ល​, ជើងឯក​រង​ក្រុម​បឹងកេត និង​លេខ​៣ ក្រុម​វិសាខា​។ រីឯ​ពាន​ផ្សេងៗ រួមមាន​ពាន​គ្រូបង្វឹក​ល្អ​ជាងគេ បាន​ទៅ​លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​, កីឡាករ​ល្អ បាន​ទៅ Choe Myong Ho មកពី​វិសាខា​, អ្នក​ទាត់​ចូល​ទី​ច្រើនជាង​គេ កីឡាករ Bisan George មកពី​ណាហ្គា​វើ​ល​រកបាន ២៨​គ្រាប់​, អ្នកចាំទី​ល្អ បាន​ទៅ​កីឡាករ​ណាហ្គា​វើ​ល សំរិទ្ធ សីហា​, ក្រុម Fair-Play បាន​ទៅ​ក្រុម​ណាហ្គា​វើ​ល ខណៈ​ក្រុម​អាជ្ញាកណ្ដាល​ល្អ​មាន​លោក លឹម ប៊ុនធឿន​, ជួប វិសាល​, ស៊ុន ចាន់​ភា​រិ​ទ្ធ និង​លោក ហេង សុខលី​។



ចំណែក​ពានរង្វាន់​រៀបចំ​ដោយ CNCC រួមមាន​អ្នកគាំទ្រ​បាល់ទាត់​សកម្ម បាន​ទៅ​ព្រឹទ្ធា​រ្យ អ៊ំ សួន​, ក្លឹប​មាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ច្រើន​ជាង​គេ បាន​ទៅ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​, កីឡាករ​ក្នុងស្រុក​ល្អ​ជាងគេ និង​កីឡាករ​មាន​ប្រជាប្រិយភាព​ជាងគេ បាន​ទៅ​កីឡាករ គួច សុ​កុម្ភៈ​, គ្រូបង្វឹក​មាន​ប្រជាប្រិយភាព​ជាងគេ បាន​ទៅ​លោក ហៅ សុជាតិ​, កីឡាករ​មាន​រាង​សង្ហា​ជាងគេ បាន​ទៅ​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា​, អ្នកគាំទ្រ​មាន​ប្រជាប្រិយភាព​ជាងគេ បាន​ទៅ​ឈ្មោះ ប៊ុត ផល​ត្រា​វិទ្យា និង​អ្នក​ថតរូប​សារព័ត៌មាន​មាន​ប្រជាប្រិយភាព​ជាងគេ បាន​ទៅ​លោក សួន សា​យ័ន្ដ​សន្យា ពោល​គឺ​ការពារ​ពាន​នេះ​បាន​២​ឆ្នាំ​ជាប់​គ្នា​តែម្ដង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu