ក្លិបបាល់ទាត់វិសាខា បានត្រៀមអ្នកចាំទី ៣រូប ដើម្បីត្រៀមខ្លួនប្រកួតក្នុងរដូវកាលថ្មីឆ្នាំ២០១៩ ខាងមុខទាំងក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) និងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League)។ កីឡាករទាំង៣នាក់នោះមាន កែវ សុខសិលា, ជា វណ្ណសាក់ និងអ្នកចាំទីវ័យក្មេង គង់ ពីលុត ។
លោក ហុក សុជីវ័ន្ត គ្រូបង្វឹករបស់ក្រុមវិសាខា បានសម្លឹងឃើញថាកីឡាករទាំង៣សុទ្ធតែជាគ្រាប់ពូជដ៏ល្អ ដើម្បីរួមចំណែកជួយក្លិប នារដូវកាលថ្មី និងរដូវកាលក្រោយៗ ទៀត ដោយសារពួកគេ នៅវ័យក្មេង ខណៈសមត្ថភាពក៏មិនលើសខ្វះគ្នាដែរ ។ ប៉ុន្ដែពាក់ព័ន្ធឱកាសបង្ហាញខ្លួនលើទីលាន ត្រូវបានលោកគ្រូបង្វឹកសំអាងថា អាស្រ័យទៅលើការខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាមរបស់កីឡាករម្នាក់ៗ ពិសេសគឺការបង្ហាញសមត្ថភាពផ្ទាល់លើទីលាន។
គ្រូបង្វឹកដែលកំពុងតែកាន់អាជ្ញាប័ណ្ណ AFC A License បានបន្ដថា «មុនការប្រកួតផ្លូវការចាប់ផ្ដើម យើងមានការប្រកួតធ្វើតេស្ដសមត្ថភាពផ្សេងៗ ចឹងអ្វីៗអាស្រ័យលើការប្រកួតជាក់ស្ដែង និងការខិតខំរបស់កីឡាករម្នាក់ៗ ពិសេសផ្ដោតលើអារម្មណ៍ ។ ខ្ញុំជឿជាក់ថា សមត្ថភាព និងបច្ចេកទេសរបស់ពួកគាត់ មិនលើសខ្វះគ្នាប៉ុន្មានទេ តែសំខាន់ជាងគេ គឺអារម្មណ៍ តើពេលប្រកួតផ្លូវការ អ្នកណាធ្វើបានល្អជាង? នេះគឺជាការប្រកួតប្រជែងដ៏ល្អ ដែលគ្រូម្នាក់ៗ តែងតែចង់បានកីឡាករជម្រើសច្រើន ជៀសវាងកីឡាករណាម្នាក់ មានបញ្ហា គឺយើងមិនបារម្ភ...»។
បច្ចុប្បន្នអ្នកចាំទីរបស់ក្រុមវិសាខាចំនួន២រូប គឺ កីឡាករ កែវ សុខសិលា និង ជា វណ្ណសាក់ កំពុងជាប់បេសកកម្មជួយក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2018។ រីឯអ្នកចាំទីវ័យក្មេង គង់ ពីលុត កំពុងសម្រុកហ្វឹកហាត់ជាមួយគ្រូបង្វឹកអ្នកចាំទីរបស់ក្លិបយ៉ាងយកចិត្តទុកដាក់ ក្រោយផ្ទេរពីសាលាបាល់ទាត់ជាតិបាទី មកកាន់ក្លិបបាល់ទាត់វិសាខា ជាមួយនឹងមិត្តរួមក្រុម៤រូបផ្សេងទៀត កាលពីពេលថ្មីៗកន្លងទៅ។
សូមរំលឹកថា ចំពោះក្រុមវិសាខា បានបញ្ចប់រដូវកាលចាស់របស់ខ្លួនដោយឈរចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមក្លិបជាសមាជិកទាំង១២ ក្រោយប្រកួត២២លើក ឈ្នះបាន១៤លើក ហើយស្មើគ្នា៣លើក និងចាញ់៥លើក។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមវិសាខា បានធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមចុងក្រោយចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ២ទល់១៕
Source: Kampuchea Thmey Daily
0 Comments