កីឡដ្ឋានAEU Sport Park របស់ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ត្រូវបានទឹកលិចលង់ពីទឹកទន្លេចតុមុខ កាលពីខែសីហា កន្លងទៅ ហើយគ្រោះធម្មជាតិនេះបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ស្មៅលើទីលាន និង របស់របរក្នុងការិយាល័យ និង សម្ភារៈសំខាន់ៗមួយចំនួនទៀតនៅទីតាំងដែលមានទំហំប្រមាណ៤ហិចតា រហូតមិនអាចទទួលរៀបចំការប្រកួតនានានៅចុងរដូវកាលឆ្នាំ២០១៨ កន្លងទៅ។
លោក ផេង ចាន់ណា អ្នកចាត់ការក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត ធ្លាប់បានលើកឡើង ជុំវិញការជួសជុលកីឡដ្ឋានរបស់ក្លិបខ្លួនឡើងវិញក្រោយទឹកស្រកថា ការកសាងនេះត្រូវចំណាយពេលរៀបចំផ្លូវនិង ក្រវាត់ការពារទំនប់ បូករួមទាំងរចនាសម្ព័ន្ធខាងក្នុងទៀតអស់ប្រមាណខ្ទង់២០ម៉ឺនដុល្លារអាមេរិក។
លោក ម៉ែន ពិសិដ្ឋ អគ្គលេខាធិការក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីតលើកឡើងថា ទីលានកីឡដ្ឋានរបស់ក្លិបលោកបានឈូសឆាយប្រមាណជិតមួយសប្ដាហ៍មកហើយ ព្រមទាំងបានចាប់ផ្ដើមក្រាលស្មៅថ្មីវិញហើយ។ ស្មៅថ្មីនេះមានគុណភាពខ្ពស់ជាងមុន ដោយតម្លៃគុណនឹង៣ប្រៀបទៅនឹងស្មៅចាស់ ហើយអាចបញ្ចប់ដំណើរការក្រាលនៅមុនពិធីបុណ្យអុំទូក។ លោកបន្តថា៖«គ្រាន់តែស្មៅហ្នឹង និងតម្លៃក្រាលខ្សាច់ពីក្រោមគឺខ្ទង់៣ម៉ឺនដុល្លារ។ វាសេរីស្មៅតារាងប្រកួតរបស់ភ្នំពេញក្រោន គ្រាន់តែយើងអត់មានប្រព័ន្ធទឹកស្រោចដូចគេ ដោយយើងស្រោចដោយដៃ។ ការលូតលាស់របស់វាត្រូវការប្រហែល២ខែកន្លះអាចចូលទៅហាត់វិញបានហើយ»។
បើនិយាយពីលទ្ធផលក្នុងពានរង្វាន់លីគកំពូលរបស់កម្ពុជា ក្រុមអាស៊ីអឺរ៉ុប បានបញ្ចប់រដូវកាលរបស់ខ្លួនដោយឈរចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមសមាជិកទាំង១២ក្រុម គឺជាលទ្ធផលដ៏ល្អរបស់ក្លិបតាំងពីបង្កើតមក។ តាមរយៈកម្មវិធីប្រកួតសន្សំពិន្ទុ២២ប្រកួតក្រុមអាស៊ីអឺរ៉ុប បានយកឈ្នះគូប្រកួតបាន៨លើក ហើយស្មើគ្នាបាន៦លើកនិងចាញ់៨លើក ប៉ុណ្ណោះ។ បើនិយាយពីក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមនេះបានធ្លាក់ចេញនៅវគ្គ១៦ក្រុមចុងក្រោយថ្នាក់ជាតិក្រោយចាញ់ក្រុមជើងឯកក្រសួងការពារជាតិ ដោយលទ្ធផលទាំង២ជើង ១០ទល់២។
គួរបញ្ជាក់ថា កីឡដ្ឋាន AEU Sport Park មានទីតាំងនៅឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលទើបបើកដំណើរការនៅរដូវកាល២០១៨នេះ។ ថ្នាក់ដឹកនាំធ្លាប់បានបញ្ជាក់ថាចំពោះការសាងសង់ដំបូងនៅកីឡដ្ឋាននេះ បានប្រើប្រាស់ថវិកាអស់ប្រមាណជាង៣០ម៉ឺនដុល្លារអាមេរិកផងដែរ។ យ៉ាងណាក្លិបក៏ត្រូវតែជួសជុលកីឡដ្ឋានរបស់ខ្លួនឡើងវិញឱ្យបានរួចរាល់មុនពេលរដូវកាលថ្មីឆ្នាំ២០១៩ ខាងមុខមកដល់៕
Source: Kampuchea Thmey Daily
0 Comments