ភ្នំពេញ ៖ លោកបណ្ឌិត អ៊ិតសំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យយកទៅកសាងសមិទ្ធផលនានាក្នុង វត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាពិក ខណ្ឌចំការមន រាជធានីភ្នំពេញ វត្តសារាវន្តតេជោ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ និង វត្តទួលទំពូង ស្ថិតនៅសង្កាត់ទួលទំពូង ខណ្ឌចំការមន។
ពិធីបុណ្យកឋិនទាននេះ ប្រារព្ធធ្វើឡើង នាថ្ងៃអាទិត្យ ១១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៤និង០០នាទីរសៀល ប្រារព្ធបទនមស្សការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លុះព្រឹកថ្ងៃចន្ទ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៧និង០០នាទីព្រឹក ពិធីដង្ហែអង្គកឋិនទាន នៅវត្តមហាមន្ត្រី ស្ថិតនៅ សង្កាត់អូឡាំពិក ខណ្ឌចំការមនរាជធានីភ្នំពេញ រួចប្រទក្សិណជុំវិញព្រះវិហារបីជុំ និងវេរកឋិនទានប្រគេនព្រះសង្ឃ ឧទ្ទិសផល្លានិសង្ឃជូន មាតាបិតា បុព្វការីជន និងជីដូនជីតា ជាកិច្ចបង្ហើយបុណ្យ។
គួរបញ្ជាក់ថា បុណ្យកឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក៕
Source: Kampuchea Thmey Daily
0 Comments