ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកបានទទួលព័ត៌មានយ៉ាងពេញលេញអំពីខ្សែអាត់សំឡេងនៃការធ្វើឃាតរបស់អ្នកសារព័ត៌មាន Jamal Khashoggi ប៉ុន្តែគាត់មិនចង់ស្តាប់វាដោយផ្ទាល់នោះទេ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី “Fox News Sunday” ថា “ដោយសារតែវាជាខ្សែអាត់មួយដ៏ឈឺចាប់។ វាជាខ្សែអាត់គួរឲ្យខ្លាច។ វាមានអំពើហឹង្សាខ្លាំងណាស់”។
លោក Trump បានទប់ស្កាត់ការរិះគន់លើរាជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed Bin Salman បើទោះបីជា CIA បានសន្និដ្ឋានថា ព្រះអង្គបានបញ្ជាឲ្យធ្វើឃាតកាលពីថ្ងៃទី២ខែតុលានៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតប្រចាំទីក្រុងអ៊ីស្តង់ប៊ុលក៏ដោយ។
កាលពីថ្ងៃសៅរ៍ លោក Trump បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកនឹងបញ្ចេញរបាយការណ៍ពេញលេញមួយស្តីពីបញ្ហានេះ។
នៅពេលសួរថាតើរាជទាយាទបានភូតកុហកគាត់ចំពោះការបដិសេធអំពីតួនាទីនៃការសម្លាប់ ដែរឬក៏អត់នោះ លោក Trump បាននិយាយថា “ខ្ញុំមិនដឹងទេ។ តើនរណាអាចដឹងការពិត?”។
លោក Trump បានបន្ថែមថា “គាត់បានប្រាប់ខ្ញុំថាគាត់មិនបានធ្វើអ្វីទេ”។
ទន្ទឹមនោះ លោកប្រធានាធិបតីបានទទួលស្គាល់ថា មនុស្សជិតស្និទ្ធនឹងរាជទាយាទប្រហែលជាជាប់ពាក់ព័ន្ធប៉ុន្តែបានបន្ថែមថាគាត់ចង់នៅជាប់ជាមួយសម្ព័ន្ធមិត្តនេះតាមរបៀបល្អប្រសើ។
គួរបញ្ជាក់ជាថ្មីម្តងទៀតថា លោកក Khashoggi ត្រូវបានគេសម្លាប់បន្ទាប់ពីធ្វើដំណើរទៅកាន់ស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតដើម្បីទៅយកឯកសារចាំបាច់ដើម្បីរៀបការជាមួយគូដណ្ដឹងសញ្ជាតិទួរគីរបស់គាត់។
យោងតាមមន្ត្រីទួរគីបាននិយាយថា ខ្សែអាត់សំឡេងនោះបានបង្ហាញថា លោក Kashoggi ត្រូវបានគេរឹត.ករហូតដល់ស្លាប់ហើយបំបែកសាកសពភ្លាមៗបន្ទាប់ពីចូលក្នុងស្ថានកុងស៊ុល៕ AFP
Source: Kampuchea Thmey Daily
0 Comments