កណ្ដាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បង្កដោយរថយន្ត ម៉ាក MITSUBISHI បើកវ៉ាម៉ូតូមិនស្គាល់ម៉ាក រួចជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសម្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅថ្ងៃអាទិត្យ ទី១១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៥០នាទី នៅលើផ្លូវខេត្ត៣៨០ ចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
នគរបាលចរាចរណ៍បានឲ្យដឹងថា អ្នកស្លាប់ឈ្មោះ អេង លាងអ៊ី ភេទស្រី អាយុ២ឆ្នាំ ឯអ្នករបួសឈ្មោះ ពៅ លាងអេង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអញ្ច្រែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល។
នគរបាលបានបញ្ជាក់ថា កាលពីថ្ងៃ និងវេលាកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក MITSUBISHI ពណ៌ទឹកប៊ិច ប្រភេទទេសចរណ៍ ពាក់ស្លាកលេខភ្នំពេញ 2C-0072 បើកបរដោយឈ្មោះ ធៀម អូលីដា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល បើកបរក្នុងទិសដៅពីត្បូងទៅជើង។
លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើបានវ៉ាម៉ូតូមួយគ្រឿងទៀត មិនស្គាល់ម៉ាក ហើយបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក SMAHS C110 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1J-4774 បើកបរដោយឈ្មោះ ពៅ លាងអេង អាយុ២៨ឆ្នាំ នៅភូមិអញ្ច្រែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ) បើកបរនៅក្នុងទិសដៅពីជើងទៅត្បូង ដោយមានអ្នករួមដំណើរម្នាក់ឈ្មោះ អេង លាងអ៊ី ភេទស្រី អាយុ២ឆ្នាំ នៅភូមិអញ្ច្រែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ស្លាប់នៅកន្លែងកើតហេតុ)។ ករណីខាងលើនេះ បណ្តាលមកពីអ្នកបើកបររថយន្តខាងលើ បើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។ចំពោះអ្នកបើកបររថយន្ត រួមទាំងវត្ថុតាង ត្រូវបានឃាត់និងរក្សាទុកនៅអធិការនគរបាលស្រុក ។
ចំណែកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments