Ad Code

រថយន្ត​ស៊េរី​ចាស់​ឡើង​ចំណោត​មិន​រួច ​រអិល​ចុះ​វិញ​កិន​អ្នកជិះ​ម៉ូតូ​ស្លាប់​ភ្លាម​មួយ​​រំពេច



តាកែវ ​៖​ ជនរងគ្រោះ​ម្នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​មួយ​រំពេច​ ព្រោះ​រថយន្ត​ដឹកទំនិញ​ស៊េរី​ចាស់​មួយគ្រឿង​ឡើង​ចំណោត​មិន​រួច​ និង​រអិល​ចុះក្រោម​ស្រប​ពេល​ដែល​គាត់​នៅ​ពីក្រោយ​រថយន្ត។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ កើតឡើង​នៅវេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ លើ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ត្រង់ចំណុច​ភូមិ​ចំបកទឹម ឃុំ​គី​រី​ចុង​កោះ ស្រុក​គីរីវង់ ខេត្តតាកែវ រវាង​រថយន្ត​និង​ម៉ូតូ​ដែលមាន​ទិសដៅ​ស្របគ្នា​។



ប៉ូលិស​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គីរីវង់​បាន​ប្រាប់ថា រថយន្ត​បង្ក​​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​២​តោន​កន្លះ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ​.​ព​៣ . ដ​០១៤៦​បើកបរ​ពី​ជើង​ទៅ​ត្បូង ​ចំណែក​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ ព្រោះ​ក្រោយ​កើតហេតុ​ បាន​រត់គេចខ្លួន​បាត់ស្រមោល​។ ចំណែក​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ខ្មៅ គ្មាន​ស្លាកលេខ​ បើកបរ​ដោយ​ឈ្មោះ ទុយ ស្វាំ​ង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ មុខរបរ​កសិករ មិន​ពាក់មួក​សុវត្ថិភាព ​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ។ អ្នកឃើញ​ហេតុការណ៍​បាន​ប្រាប់​ដែរ​ថា រថយន្ត​បង្ក​បាន​ឡើង​ចំណោត​មិន​រួច​នៅ​ចំណុច​ផ្លូវ​ទួល ​រួច​ក៏បាន​រអិល​ថយក្រោយ​កិន​ម៉ូតូ​និង​មនុស្ស​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹងកន្លែង​តែម្តងទៅ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ស្រុក​ បាន​ចុះ​ដល់​ធ្វើ​កំណត់ហេតុ​ និង​បាន​ប្រ​គល់​សព​ដល់​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុតាង​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​ដកហូត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គីរីវង់ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu