ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកលេខ១គូបូតា ទម្ងន់៥៤គីឡូក្រាម នៅសង្វៀនបាយ័នស្ទឹងមានជ័យ នៅយប់ថ្ងៃសុក្រទី០៩ វិច្ឆិកា ២០១៨ខាងមុខនេះ ជាការប្រកួតជុំទី៤ របស់ផាន ផាត់យុទ្ធ អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា និង ជាជុំទី៤ របស់ រិទ្ធ អាទិត្យ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរដែរ ។
សម្រាប់ជំនួបក្នុងជុំទី៤នេះ ផាន ផាត់យុទ្ធ គេនឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃ Kaoreanghom Pctchchinda ហើយ រិទ្ធ អាទិត្យ គេជួបអ្នកប្រដាល់ថៃ Anuntasak Site Phukhorngyus ។អ្នកប្រដាល់ថៃគូរបស់រិទ្ធ អាទិត្យនេះ គេប្រកួតសម្រាប់ជុំទី៤ចុងក្រោយហើយ ។
ការជួបគ្នារវាងផាន ផាត់យុទ្ធ និង អ្នកប្រដាល់ថៃ Kaoreanghom ផាត់យុទ្ធ ប្រហែលជាមិនជួបការលំបាកប៉ុន្មានឡើយ ដោយសារអ្នកប្រដាល់ថៃរូបនេះ គេវាយពុំសូវខ្លាំងនោះ ។ ទោះជាយ៉ាងណា ផាត់យុទ្ធ មិនអាចមើលស្រាលKaoreanghomបានឡើយ ព្រោះអ្នកប្រដាល់ថៃរូបនេះ មានកាយសម្បទាល្អ ដែលមិនមើលស្រាលគេបាន ។
ផាន ផាត់យុទ្ធ ឆ្លងកាត់បីប្រកួតកន្លងមក ផាត់យុទ្ធបាន៩ពិន្ទុ ដោយវាយឈ្នះទាំង៣ប្រកួត ឯ Kaoreanghom គេមានតែ៥ពិន្ទុទេ ដោយក្នុង៣ប្រកួតដូចគ្នា គេវាយឈ្នះ ១ និងចាញ់ ២ ប្រកួត ។
ចាំមើល ការប្រកួតក្នុងជុំទី៤នេះ រវាងផាន ផាត់យុទ្ធ និង Kaoreanghom តើនរណាយកបាន៣ពិន្ទុបន្ថែមនោះ ? ។ សម្រាប់ការប្រកួតជម្រុះនេះ អ្នកឈ្នះទទួលបាន៣ពិន្ទុ អ្នកចាញ់បាន១ពិន្ទុ អ្នកបោះបង់ការប្រកួតបាន០ពិន្ទុ ។
ចំពោះការជួបគ្នារវាងរិទ្ធ អាទិត្យ និង អ្នកប្រដាល់ថៃ Anuntasak Site Phukhorngyus វិញ រិទ្ធ អាទិត្យ ក៏ប្រហែលជាមិនពិបាកប៉ុន្មានដែរ ដោយសារអ្នកប្រដាល់ថៃរូបនេះ គេមិនសូវខ្លាំងប៉ុន្មាននោះដែរ ។ ទោះជាយ៉ាងណា គេមានកាយសម្បទាអំណោយផលល្អ ហើយក្បាច់គុនរបស់គេ ក៏ល្អគួរសមដែរ ។
តែយ៉ាងណា ពីរនាក់នេះពុំទាន់ដែលប៉ះគ្នាទេ ហើយការជួបគ្នាពេលនេះ គឺជាជួបការប្រកួតលើកទី១ប៉ុណ្ណោះ សម្រាប់ជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកលេខ១គូបូតាទម្ងន់៥៤ គីឡូក្រាមនេះ ។ ដូច្នេះចាំមើល ការប្រកួតលើកនេះ រវាងរិទ្ធ អាទិត្យ និង Anuntasak តើនរណាយកបាន៣ពិន្ទុនោះ ? ។
រិទ្ធ អាទិត្យ ឆ្លងកាត់បីប្រកួតកន្លងមក គេវាយចាញ់ទាំង៣ប្រកួត មាន៣ពិន្ទុប៉ុណ្ណោះ ឯ Anuntasak Site Phukhorngyus ឆ្លងកាត់៤ប្រកួតកន្លងមកនោះ គេវាយឈ្នះ១ និង ចាញ់៣ ប្រកួត មាន៦ពិន្ទុ ។
សូមបញ្ជាក់ថា កីឡាករខ្លាំងទាំង១០រូប ដែលចូលរួមប្រកួតដណ្តើមខ្សែក្រវាត់គូបូតារដូវកាលថ្មីទម្ងន់៥៤គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ៥ រូប និង អ្នកប្រដាល់ជើងខ្លាំងថៃ-ឡាវ ៥ រូប ចូលរួមវាយដណ្តើមយកខ្សែក្រវាត់នេះ ។
ចំពោះលទ្ធផលអ្នកប្រដាល់ជើងខ្លាំងទាំង៥រូប របស់កម្ពុជាមកដល់ពេលនេះ គឺចាន់ សាន់ ក្លិបនិរោធមានជ័យ ៤ប្រកួត ឈ្នះ១ចាញ់៣ប្រកួតមាន៦ពិន្ទុ - ខេម ចាន់ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ៤ប្រកួត ឈ្នះ៣ ចាញ់១ ប្រកួត មាន១០ពិន្ទុ - ប៊ុន សុធា សមាគមកីឡាក្រសួងការពារជាតិ ៤ប្រកួត ឈ្នះ៣ ចាញ់១ប្រកួត បាន១០ពិន្ទុ - ផាន ផាត់យុទ្ធ ក្លិបសាលវ័ន្តកីឡា ៣ប្រកួត ឈ្នះទាំង៣ប្រកួត បាន៩ពិន្ទុ និង រិទ្ធ អាទិត្យ ក្លិបអាណាចក្រគុនខ្មែរ ៣ប្រកួត ចាញ់ទាំង៣ប្រកួត បាន៣ពិន្ទុ ។
ចំពោះការប្រកួតរបស់អ្នកប្រដាល់ថៃវិញ គឺAnuntasak Site Phukhorngyus ៤ប្រកួត ឈ្នះ១ ចាញ់៣ប្រកួត បាន៦ពិន្ទុ , Kaoreanghom Pctch chinda ឡាវ ៣ប្រកួត ឈ្នះ១ ចាញ់២ប្រកួត បាន៥ពិន្ទុ , Plangthip Por.Yuthphumi ថៃ ៤ប្រកួត ឈ្នះ១ ចាញ់៣ប្រកួត បាន៦ពិន្ទុ , Wangngeun Rungreankila nakom Phattom ថៃ ៤ប្រកួត ឈ្នះ២ ចាញ់២ ប្រកួត បាន៨ពិន្ទុ និង Seang Suriyak Site Torkah kart ឡាវ ៣ប្រកួត ឈ្នះទាំង៣ប្រកួត បាន៩ពិន្ទុ ។
អ្នកប្រដាល់មួយរូបៗ ទាំងខ្មែរ ទាំងថៃ និងឡាវ គឺត្រូវឆ្លងកាត់ការប្រកួតក្នុងម្នាក់ៗ ចំនួន ៥ ប្រកួតម្នាក់ ហើយអ្នកដែលមានពិន្ទុច្រើន២រូប ក្នុងមួយពូល ទាំងពូលខ្មែរ និង ពូលថៃ-ឡាវ នឹងត្រូវបានឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រ៕
Source: Kampuchea Thmey Daily
0 Comments