តាកែវ ៖ ជនសង្ស័យក្នុងករណីឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវយ៉ាងសកម្មម្នាក់ ត្រូវបានប៉ូលិសស្រុកគីរីវង់កំណត់មុខសញ្ញា និងតាមប្រមាញ់រហូតឃាត់ខ្លួនបានយកមកសួរនាំ។
ហេតុការណ៍ចាប់ខ្លួនជនសង្ស័យក្នុងករណីនេះ គឺធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៣និង២០នាទី នៅចំណុចមាត់បឹងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដោយកម្លាំងជំនាញស្រុកដែលដឹកនាំដោយលោក យុគ សារ៉ាត់ អធិការនគរបាលសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំនិងប៉ុស្តិ៍គីរីចុងកោះផងដែរ។ ជនសង្ស័យដែលសមត្ថកិច្ចចាប់បាននេះមានឈ្មោះ នួន ធា ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើតនៅភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ បច្ចុប្បន្នមកស្នាក់នៅភូមិក្របាក់ ឃុំអង្គប្រាសាទ ស្រុកគីរីវង់។ ក្រោយចាប់ខ្លួនជនសង្ស័យបានឆ្លើយសារភាពប្រាប់ប៉ូលិសថា រូបគេបានធ្វើសកម្មភាពឆក់ទ្រព្យប្រជាពលរដ្ឋបានសម្រេចចំនួន០៧ដងមកហើយក្នុងភូមិសាស្ត្រស្រុកគីរីវង់នេះ។
បច្ចុប្បន្នជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានខាងលើនេះត្រូវបានយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments