ការប្រកួតប្រដាល់ដណ្តើមពានរង្វាន់ជើងឯកTV5 Knock Out Series by K.cement ទម្ងន់៥៧គីឡូក្រាម លើសង្វៀនTV5 ព្រែកកំពឹស នៅថ្ងៃសៅរ៍ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ជាការប្រកួតលើកទី៣ ក្នុងជម្រុះដំណាក់កាលទី១ ដែលមានអ្នកប្រដាល់ ៤ រូប ដើម្បីប្រជែងយកកៅអីសម្រាប់ដំណាក់កាលទី២នោះ ។
សម្រាប់ការប្រកួតជម្រុះលើកទី៣នេះ សៀវ ង៉ុយ អ្នកប្រដាល់ក្លិបកងពលធំអន្តរាគមន៍លេខ២ នឹងជួបប្រកួតជាមួយនួន រ៉ាថេន អ្នកប្រដាល់ក្លិបតាឯកដំបងដែកមានរិទ្ធ ខេត្តព្រៃវែង ។ការជួបគ្នារវាងសៀវ ង៉ុយ និងនួន រ៉ាថេននេះ តាមក្រុមអ្នកវិភាគប្រដាល់អះអាងនោះថា នួន រ៉ាថេនជាមិនឈ្នះសៀវ ង៉ុយ នោះឡើយ ។ ព្រោះសៀវ ង៉ុយ ជាអ្នកប្រដាល់ជើងចាស់ និងមានផ្លែជង្គង់ល្អជាងរ៉ាថេន ហើយមួយទៀតសៀវ ង៉ុយ គេធ្លាប់ប្រកួតជាមួយជើងខ្លាំងៗខ្មែរ និងថៃច្រើននាក់មកហើយ ។ ចាំមើល តើសៀវ ង៉ុយ យកឈ្នះនួន រ៉ាថេន មែនឬអត់ ? ។
ចំពោះការប្រកួតមួយគូទៀតនោះ ជាការជួបគ្នារវាង ថាំង ឌីណា អ្នកប្រដាល់ក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាប និង វុត្ថា លាន់លិញ អ្នកប្រដាល់ក្លិបអង្គរធំគុនខ្មែរ ។ ពីរនាក់នេះ មិនធ្លាប់ប៉ះគ្នាទេកន្លងមក ។ ពួកគេទាំងពីរ ជាអ្នកប្រដាល់ស្រករក្រោយដូចគ្នា ។
ទោះជាយ៉ាងនេះក្តី សម្រាប់ការជួបគ្នាលើកនេះ មិនដឹងថា ថាំង ឌីណា អាចយកឈ្នះវុត្ថា លាន់លិញ បានឬអត់នោះទេ ? ព្រោះថា វុត្ថា លាន់លិញគេមានស្នៀតប្រដាល់ល្អ និងមានកម្លាំងកាយសម្បទាខ្លាំងជាងឌីណា ហើយណាមួយលើកនេះ ជាការប្រកួតដែលមិនអាចធ្វេសប្រហែសបាន គឺត្រូវមានការប្រយ័ត្នរៀងៗខ្លួន ។ យ៉ាងណា ការប្រកួតរវាងអ្នកប្រដាល់ទាំងពីរ ពុំដឹងថានរណាជាអ្នកមានសំណាងបានឡើងទៅប្រកួតបន្តទៀតនោះទេ ?។
ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Series by K.cement ទម្ងន់៥៧គីឡូក្រាម មានអ្នកប្រដាល់ចំនួន ៣២ នាក់ចូលរួម ហើយចែកចេញជា ៤ ដំណាក់កាល និងមានរូបមន្តប្រកួត គឺដំណាក់ទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់ ។ដំណាក់ទី២ ជាការជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយដំណាក់កាលទី៣ គឺជម្រុះក្នុង៨នាក់ទុក៤នាក់ និងដំណាក់កាលទី៤ ជាការប្រកួតដំណាក់កាលផ្តាច់ព្រ័ត្រ គឺពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រ ៕
Source: Kampuchea Thmey Daily
0 Comments