ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌនិងប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្រោយពីបើកការស្រាវជ្រាវ កម្លាំងបានឃាត់ខ្លួនជាក់ស្ដែងករណីរក្សាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់និងថ្នាំញៀន៩កញ្ចប់។
សមត្ថកិច្ចឲ្យដឹងថា ករណីបង្ក្រាបនេះ បានកើតឡើងលើកទី១ កាលពីវេលាម៉ោង១រំលងអធ្រាត្រថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចផ្លូវរថភ្លើងភូមិចុងខ្សាច់ ក្រុមទី៨ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ជាលទ្ធផលកម្លាំងជំនាញខណ្ឌ សហការជាមួយប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ កែវសក្កដា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ស្នាក់នៅផ្ទះជួលក្នុងក្រុមទី៨ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ សម្ភារៈ ដកហូតរួមមានក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់តូច។
លើកទី២កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងខណ្ឌ និងប៉ុស្ដិ៍ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្រុមទី២ ភូមិ២សង្កាត់ច្រាំងចំរេះ១ខណ្ឌឬស្សីកែវ ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ស៊ីតយូសុះ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មានទីលំនៅ ភូមិឬស្សីជ្រោយឃុំឬស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។
សម្ភារៈដកហូតក្រាម ពណ៌សថ្លាចំនួន៤កញ្ចប់ធំល្មមនិង១កញ្ចប់តូច។ ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវកសាងសំណុំរឿងដើម្បីបញ្ជូនចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments