លាភ រដ្ឋា អ្នកប្រដាល់ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ និងជាម្ចាស់ជើងឯក TV5 Knock Out Series ទម្ងន់៦០គីឡូក្រាម ត្រូវគេផ្តល់ឱកាស អោយជួបប្រកួត ជាមួយអ្នកប្រដាល់ថៃឈ្មោះ Phich Ngam ដោយជួបគ្នាក្នុងប្រភេទទម្ងន់៦០ គីឡូក្រាម។ ពីរនាក់នេះ ប្រកួតគ្នានៅលើសង្វៀន TV5 ព្រែកកំពឹស នាយប់ថ្ងៃសៅរិ៍ ទី១០វិច្ឆិកា២០១៨នេះ ។
Phich Ngam នេះ មានកម្ពស់ខ្ពស់ជាងលាភ រដ្ឋា ។ គេមានប្រវត្តិប្រកួតចំនួន៨៥លើក ឈ្នះ៧៣លើក ចាញ់១២លើក និងមិនដែលស្មើ គេជាអ្នកប្រដាល់ជើងខ្លាំងមួយរូបនៅស្រុកថៃ ។ នេះបើតាមលោកសេង កដិកា អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំTV5អោយដឹងនោះ ។
តែចំពោះ លាភ រដ្ឋា អ្នកប្រដាល់កម្ពុជាវិញ គេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរនៅស្រុកខ្មែរ ហើយគេទើបឈ្នះពានរង្វាន់ជើងឯក TV5 Knock Out Series ទម្ងន់៦០គីឡូក្រាម កាលពីថ្ងៃទី១៣តុលា២០១៨កន្លងមកនេះ ។ គេមានប្រវត្តិប្រកួតចំនួន៦៨លើក ឈ្នះ៥៧លើក និងចាញ់១០លើក និងស្មើ០១លើក ។
ជាអ្នកប្រដាល់ដែលមានកណ្តាប់ដៃលឿន រហ័ស និងខ្លាំងនោះ លាភ រដ្ឋា វាយមិនញញើតអ្នកប្រដាល់នោះឡើយ។ ចាំមើល តើលាភ រដ្ឋា អាចយកឈ្នះ Phich Ngam បានឬអត់ សម្រាប់ការជួបគ្នាដំបូងនេះ ?។
សូមបញ្ជាក់ថា Phich Ngam គេធ្លាប់មកស្រុកខ្មែរម្តងហើយ ដោយវាយឈ្នះសារឿន ចាន់ក្លិបតាព្រហ្មមានជ័យ ក្នុងទឹកទី៤ កាលពីថ្ងៃទី៣០កញ្ញា២០១៨ កន្លងមកនេះ ៕
Source: Kampuchea Thmey Daily
0 Comments