បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ ដែលបើកបរម៉ូតូយឺតៗនៅតាមដងផ្លូវ ត្រូវបានរថយន្តបុកចំពេញពីក្រោយ បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ ស្ទើរដង្ហើមចង្រិត ដោយកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី ព្រោះស្ថានភាពមុខរបួសធ្ងន់ធ្ងរខ្លាំងពេក។
ហេតុការណ៍នេះ បានកើតឡើង នៅម៉ោងប្រមាណ ៤ និង ១៥ នាទី ល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុង ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅ ស្របគ្នាពីលិច ពីបាតដំបង ទៅភ្នំពេញ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុគឺមាន រថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បានធ្វើដំណើរយ៉ាងលឿន ពីបាត់ដំបងទៅភ្នំពេញ លុះមកដល់ចំណុចខាងលើ បានបុកនឹងម៉ូតូ០១គ្រឿង ចំពីក្រោយ ដែលម៉ូតូនោះម៉ាក ហុងដាC១២៥ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខ បាត់ដំបង ១R ៩២១២ អ្នកបើកបរម៉ូតូមានឈ្មោះ ពូ ពឿន ភេទប្រុស អាយុ៧៣ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិនិគមក្រោម ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី បណ្តាល អោយ អ្នកបើកម៉ូតូរបួសធ្ងន់។
បច្ចុប្បន្នជនរងគ្រោះកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ដោយឡែកមធ្យោបាយបង្កគឺនៅមិនទាន់មានពន្លឺក្នុងការស្រាវជ្រាវឡើយ ដោយសារតែពុំប្រភពណាមួយ បានឃើញស្លាកលេខ ឬភិនភាគរថយន្តសោះ មុនពេលបើកគេចខ្លួន ចេញពីកន្លែងកើតហេតុ៕
Source: Kampuchea Thmey Daily
0 Comments