Ad Code

រាជវង្ស​សហព័ន្ធ​អារ៉ាប់​រួម ​បានផ្តល់​ទឹកប្រាក់​ជា Credit Line ចំនួន ៥០០ លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​ទិញ​ទំនិញ​ពី​សហព័ន្ធ​អារ៉ាប់​រួម



​ភ្នំពេញ​ ៖​ ព្រះអង្គម្ចាស់ អា​មេ​ដ ដាល​មុក អាល ម៉ាក​ទុម​(Ahmed Dalmook Al MaKTaum) សមាជិក​រាជវង្ស​សហព័ន្ធ​អារ៉ាប់​រួម​ បាន​ជម្រាបជូន​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ថា ព្រះអង្គម្ចាស់​មានបំណង​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​តាមរយៈ​ការវិនិយោគ​ទៅលើ វិស័យ​ឧស្ម័ន វិស័យ​ពាណិជ្ជកម្ម​និង​វិស័យ​ហិរញ្ញវត្ថុ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ពាក់ព័ន្ធ​វិស័យ​ហិរញ្ញវត្ថុ​នេះ ព្រះអង្គម្ចាស់​បានបញ្ជាក់​ថា នឹង​ផ្តល់ជូន​នូវ​ទឹក ប្រាក់​ជា​ក្រេ​ឌី​ត​ឡាញ (Credit Line) ចំនួន ៥០០ លាន​ដុល្លារ​សម្រាប់​ប្រើប្រាស់​ក្នុង​ការទិញ​ទំនិញ​ពី​សហព័ន្ធ​អារ៉ាប់​រួម ។​



សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានទទួល​ពិភាក្សា​ការងារ​ជាមួយ​ព្រះអង្គម្ចាស់ អា​មេ​ដ ដាល​មុក អាល ម៉ាក​ទុម (Ahmed Dalmook Al MaKTaum) សមាជិក​រាជវង្ស​សហព័ន្ធ​អារ៉ាប់​រួម នា​វេលាម៉ោង១០និង៤០នាទីព្រឹក​ថ្ងៃទី​៦ ខែ វិច្ឆិកា ២០១៨ នៅ​វិមាន​សន្តិភាព ។​

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​អ្នក​សារ ព័ត៌មាន​បន្ទាប់ពី​ជំនួប​នោះ​ថា ព្រះអង្គម្ចាស់ អា​មេ​ដ បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា លោក​មានបំណង​ចង់​មក​ចូលរួម​អភិវឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា​តាម​រយៈ​ការដាក់​ទុនវិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ព្រះអង្គម្ចាស់​បានបង្ហាញ​ចំណាប់អារម្មណ៍​ក្នុងការ​វិនិយោគ​ទៅលើ​ប្រព័ន្ធ​ឧស្ម័ន ទៅលើ​ពាណិជ្ជកម្ម និង ហិរញ្ញវត្ថុ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​ហិរញ្ញវត្ថុ​នេះ ព្រះ អង្គ​ម្ចាស់ បាន​ជម្រាបជូន​សម្ដេច​ថា នឹង​ផ្ដល់ជូន​ទឹកប្រាក់​ជា Credit line ចំនួន​ប្រាំ​រយ​លាន​ដុល្លារ​អាមេរិក​សម្រាប់​ប្រើប្រាស់​ក្នុងការ​នាំចូល​ទំនិញ​ពី​សហព័ន្ធ​អារ៉ាប់​រួម ហើយនឹង​ពិនិត្យ មើល​ការសិក្សា​និង​លទ្ធផល​ផ្សេងៗ​ទៀត​ដើម្បី​ធ្វើការ​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅក្នុង​ឱកាស​នោះដែរ ព្រះអង្គម្ចាស់ អា​មេ​ដ ក៏បាន​គោរព​អញ្ជើញសម្តេច​តេ​ជោ​នាយក រដ្ឋមន្ត្រី​ទៅធ្វើ​ទស្សនកិច្ច​នៅ​សហព័ន្ធ​អារ៉ាប​រួម ផងដែរ​។



ជាការ​ឆ្លើយតប សម្ដេច​បាន​ថ្លែងអំណរគុណ​ចំពោះ​ព្រះ​អម្ចាស់ និង​សហព័ន្ធ​អារ៉ាប់​រួម​ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ពិសេស​លើ​ការអភិវឌ្ឍ​ធនធាន មនុស្ស​និង​ការជួយ​ដល់​ការកសាង​មជ្ឈមណ្ឌល​កុមារកំព្រា​នៅ​កម្ពុជា​។​ ពាក់ព័ន្ធ​ការវិនិយោគ​ទៅលើ​វិស័យ​ឧស្ម័ន​សម្តេច​តេ​ជោ​បាន​ស្វាគមន៍ ដោយ​សម្តេច​បាន​មានប្រសាសន៍ថា ការវិនិយោគ​ទៅលើ​វិស័យ​ឧស្ម័ន​នេះ​បាន​ជួយ​កាត់បន្ថយ​នូវ​ការប្រើប្រាស់​អុស និង​ជួយ​ដល់​ការថែរក្សា​ធនធានធម្មជាតិ​ផងដែរ។​
​ពាក់ព័ន្ធ​បញ្ហា​ឥណទាន​ប្រាក់កម្ចី​( Credit Line) ចំនួន ៥០០ លាន​ដុល្លារ​សម្រាប់​ប្រើប្រាស់​ក្នុងការ​នាំចូល​ទំនិញ​ពី​សហព័ន្ធ​អារ៉ាប់​រួម សម្តេច​បានស្នើ ព្រះអង្គម្ចាស់ អា​មេ​ដ ធ្វើការ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​ដើម្បី​រក​ចំណុច​ណាមួយ ចាប់ផ្តើម​ប្រើប្រាស់​ថវិកា​នេះ ។​

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ការអញ្ជើញ​សម្ដេច​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហព័ន្ធ​អារ៉ាប់​រួម សម្តេច​មានប្រសាសន៍ថា នឹង​ពិនិត្យមើល​ពេលវេលា​ដ៏​សមស្រប​មួយ​ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហព័ន្ធ​អារ៉ាប់​រួម ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu