រតនគិរី ៖ បែកធ្លាយរឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយរវាងប្អូនរួមផ្ទៃតែមួយ ដែលមានចេតនា រកល្បិចកល បំផ្លិចបំផ្លាញទ្រព្យសម្បត្តិបងស្រីខ្លួនឯង ដែលជារឿងដ៏កម្រកើតមាន។ នេះបើតាមការអះអាងរបស់ស្ត្រីជា បងស្រីបង្កើតម្នាក់។
លោកស្រី សន សុវ៉ៃ អាយុ៦៣ឆ្នាំ ជនជាតិឡាវ សញ្ជាតិខ្មែរ មានប្តីឈ្មោះ ឌី បូរ៉ា អាយុ៦៥ឆ្នាំ និងមានកូនប្រុស ស្រី ក្នុងបន្ទុកចំនួន៧នាក់ ប្រកបមុខរបរកសិករ បច្ចុប្បន្ន ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី លោកស្រីមានប្អូនស្រីអកតញ្ញូម្នាក់ ដែលមានឈ្មោះ សន សុឃីម អាយុ៥៣ឆ្នាំ ជនជាតិ ឡាវ សញ្ជាតិខ្មែរ និងមានប្តីឈ្មោះ ឌិញ ឌី អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិខ្មែរ មានមុខរបរទិញឈើ លក់ឈើ ទៅប្រទេសវៀតណាម និងមានទីលំនៅបច្ចុប្បន្ន ភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
លោក ស្រីសន សុវ៉ៃ និងក្រុមគ្រួសារ កើតទុក្ខពុំសុខចិត្តរបស់តុលាការកំពូលសំណុំរឿងសភារដ្ឋប្បវេណីលេខ៣៤ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ សម្រេចសាលដីកាលេខ២៧២(ឈ) ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ដោយសម្រេច
១. ច្រានចោលបណ្តឹងសាទុក្ខលេខ១៥៩ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ របស់ចុងចម្លើយ សន សុវ៉ៃ និង ឌី បូរ៉ា..។
២. តម្កល់សាលដីការដ្ឋប្បវេណីលេខ១៤ (ក្រ VIIធ) ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ របស់សាលាឧទ្ធរណ៍ ។
៣. ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់ចុងចម្លើយ ។
សាលដីកានេះធ្វើឡើង និងបានបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់ជាសាធារណៈ នៅថ្ងៃទី០១ខែតុលាឆ្នាំ២០១៨និងប្រកាសជាសាធារណៈនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ហើយចុះហត្ថលេខាប្រថាប់ត្រាដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ( លោក គង់ ស្រ៊ីម ) និង (លោក សុង ម៉ៅ) ក្រឡាបញ្ជី នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ។
ក្រុមគ្រួសារ លោក ស្រី សន សុវ៉ៃ កំពុងរងនូវការបាត់បង់ទាំងស្រុងដីលំនៅឋាន ដ៏មានតម្លៃស្មើនឹងអាយុជីវិត ដោយសារស្នាដៃដ៏កាចសាហាវព្រៃផ្សៃរបស់ប្អូនស្រីបង្កើត ឈ្មោះ សន សុឃីម តាមប្លន់កម្ចាត់ និង ប្តឹងទាមទារយកដីផ្ទះ(ពីរទៅបីដង ប្តឹងផ្ទាល់មាត់) ទាំងខ្លួន (សន សុឃីម) គ្មានឯកសារគ្រប់គ្រាន់ (ប័ណ្ណសម្គាល់សិទ្ធិ) អ្វីផងនោះ ដល់តុលាកំពូល។
លោកស្រី សន សុវ៉ៃ ព្រមទាំងក្រុមគ្រួសារបានរៀបរាប់ទាំងអួលដើមក និងហូរទឹកភ្នែកកាលពីព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ឲ្យដឹងថា ដីឡូត៍មួយកន្លែងទំហំរួម ទទឹងប្រវែង ២៥,៨ម៉ែត្រ បណ្តោយ ប្រវែង ៣៧ម៉ែត្រ នៅត្រង់ចំណុចខាងលិចផ្សារបានលុង ស្ថិតក្នុងភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀកក្រុងបានលុង ខេត្តរតនគិរី ។
សូមបញ្ជាក់ថា ដីឡូត៍ លោកស្រី មានប័ណ្ណសម្គាល់សិទ្ធិ(ស្លាបមាន់) គ្រប់គ្រងអចលនវត្ថុ AA1471 កាន់កាប់ប្រើប្រាស់ដីធ្លី ដែលចេញដោយការិយាល័យសុរិយោដីខេត្ត ចុះហត្ថលេខា ដោយលោកប្រធាន មាស សម័យ កាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ១៩៩៤ តាំងពីជំនាន់រដ្ឋកម្ពុជាមកម្ល៉េះ បើគិតមកទល់ពេលបច្ចុប្បន្ននេះ ការអាស្រ័យផលនៅលើដីនេះ គឺមានរយៈកាល ២៤ឆ្នាំកន្លងមកហើយ ។ មានន័យថា លោកស្រី និងក្រុមគ្រួសារមានសិទ្ធិគ្រប់គ្រាន់ លើសពីដែនកំណត់នៃច្បាប់ភូមិបាលពីពីរទៅបីដងឯណោះ ។
តាមប្រវត្តិដើមទំហំដីនេះ គឺមានទាំងរបាយការណ៍របស់អនុគណៈកម្មការអង្កេតសិក្សាវាស់វែងដីត្រឹមត្រូវច្បាស់លាស់ ពីអាជ្ញាធរក្រុង ខេត្តថែមទៀតផង ហើយគណៈកម្មការ ដែលចុះវាស់វែងនាពេលនោះ រួមមាន:
ទី១. យោបល់របស់គណៈកម្មការប្រ/ជ ស្រុក.ខ័ណ្ឌ ប្រថាប់ត្រាដោយលោក ឡត វណ្ណ សៅ នៅថ្ងៃទី (០៤ ខែមករាឆ្នាំ១៩៩៤)
ទី២.យោបល់ឯកភាព របស់ការិយាល័យភូមិបាលស្រុក.ខណ្ឌ ចុះហត្ថលេខាដោយលោក កែវ មួងនៅថ្ងៃទី (០៤ ខែមករា ឆ្នាំ១៩៩៤) ។
ទី៣.យោបល់របស់ការិយាល័យសុរិយោដីខេត្ត.ក្រុង និងចុះហត្ថលេខាដោយលោក មាស សម័យ នៅថ្ងៃទី០៤ខែមករាឆ្នាំ១៩៩៤ និង ទី៤. សេចក្តីសម្រេចរបស់គណៈកម្មាធិការប្រជាជនខេត្ត.ក្រុង ប្រថាប់ត្រាដោយ លោក ណាប់ ប៊ុនហេង នៅថ្ងៃទី០២ ខែមីនា (៣) ឆ្នាំ១៩៩៤ ។
តែផ្ទុយទៅវិញ ប័ណ្ណសម្គាល់សិទ្ធិស្លាបមាន់របស់ លោកស្រី សន សុវ៉ៃ គ្រប់លក្ខណៈខំថែរក្សាទុករហូតមកជិតសាមសិបឆ្នាំ បែរជាតុលាការកំពូល បដិសេធ ច្រានចោលមិនទទួលស្គាល់ ហើយថែមទាំងចោទប្រកាន់ទាំងស្រុងថា (ប្លង់ក្លែងក្លាយ) ទៅវិញ?
ចុងក្រោយ លោក ស្រី ព្រមទាំងក្រុមគ្រួសារ បានលើកម្រាមដៃដប់ក្រាបសំពះដល់ថ្នាក់ដឹកនាំមេត្តាជួយវិនិច្ឆ័យ និងរកដំណោះស្រាយ វែកញែកឲ្យដឹងខុសត្រូវប្រកបដោយគតិយុត្តិធម៌ក្នុងរឿងនេះផង។ ជាពិសេសលោក ប្រធានតុលាការកំពូល តែម្តងមេត្តាបើកការស៊ើបអង្កេតជាថ្មីឡើងវិញដោយភាពយុត្តិធម៌ផង។
ទាក់ទិននឹងបញ្ហាខាងលើនេះ លោកស្រី សន សុឃីម កម្ពុជាថ្មី មិនអាចស្វែងរកការបំភ្លឺ បានឡើយ នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ហាក់ដូចជាដឹងតម្រុយមុន ដោយទូរស័ព្ទចុចពុំចូល លេខទូរស័ព្ទ សន សុឃីម tell : (097 39 39 685)។ បើតាមសាក្សីជាច្រើន ដែលរស់នៅក្បែរដីកំពុងមានបញ្ហាខាងលើនេះ បានឲ្យដឹងស្រដៀងៗគ្នាថា ឈ្មោះ សន សុឃីម នេះមានដីមួយឡូត៍ នឹងគេដែរនៅចំណុចនោះ ដោយមានទំហំ ទទឹង ៨.៨ម៉ែត្រ បណ្តោយ ៣៧ម៉ែត្រ ក្នុងឆ្នាំ១៩៩៥ ដែលគេបានទិញពីម្ចាស់ដើមឈ្មោះ ជៀម សាក់ តម្លៃ ស្មើ ២តម្លឹងប្រាំជី ហើយឈ្មោះ សន សុឃីមនេះ មានមាសតែ៥ជី បានបងស្រីឈ្មោះ សន សុវ៉ៃ ឲ្យខ្ចីបង្គ្រប់ ២តម្លឹងមាស។
ប្រភពដដែលបន្តថា ចំណែកដីមួយឡូត៍នោះ សន សុឃីម ក៏បានដូរជាមួយដី បងស្រី សន សុវ៉ៃ ដែលមានទីតាំងនៅខាងកើតផ្សារបានលុង ដែលមានក្បាលដីទទឹង ២៤ម៉ែត្រ ជម្រៅ ៩៥ម៉ែត្រ ហើយការដោះដូរនេះធ្វើឡើងក្នុងអំឡុងឆ្នាំ១៩៩៨ រួចហើយគេ (សន សុឃីម) ក៏បានលក់ដីទាំងអស់នោះ ហើយយកលុយផ្លាស់ទីលំនៅទៅរស់នៅ ស្រុកអូរយ៉ាដាវ រហូតមកទល់ពេលបច្ចុប្បន្ននេះ៕
Source: Kampuchea Thmey Daily
0 Comments