Ad Code

កំពុង​នាំគ្នា​បញ្ជល់​មាន់​ ភ្នាល់​ដាក់​លុយ ដោយ​លួចលាក់​ ត្រូវ​សមត្ថកិច្ច​មក​បង្ក្រាប​ឃាត់ខ្លួន​មនុស្ស​៥​នាក់ ​និង​អាគក​១​គូ​



ភ្នំពេញ ​៖ ក្រុម​បុរស​ញៀន​ល្បែងស៊ីសង​ចំនួន​៥​នាក់ ​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បង្ក្រាប​ខណៈ​ដែល​ពួកគេ​កំពុង​នាំគ្នា​បញ្ជល់​មាន់​ភ្នាល់​ដាក់​លុយ​ កាលពី​ល្ងាច​ថ្ងៃអាទិត្យ ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ពួកគេ​ មាន​ប្រជាពលរដ្ឋ​ល្អ​បាន​រាយការណ៍​មក​ថា​ នៅ​ចំណុច​កើតហេតុ​មាន​បុរស​មួយ​ក្រុម​កំពុង​នាំគ្នា​បញ្ជល់​មាន់​ ភ្នាល់​ដាក់​លុយ ហើយ​ថា ចំណុច​នោះ​តែងតែ​មានការ​បញ្ជល់​មាន់​ភ្នាល់​ដាក់​លុយ​យ៉ាង​ដូច្នេះ​ញឹកញយ​ណាស់ ដែល​នោះ​ជា​អំពើ​ល្មើស​ច្បាប់​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រោយពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ​សមត្ថកិច្ច​ក៏​បាន​បញ្ជូន​កម្លាំង​សម្ងាត់​ឲ្យ​ទៅ​ស៊ើបការណ៍​មើល រក​ឃើញថា​ទីនោះ​ពិតជា​មាន​សកម្មភាព​លេង​ល្បែងស៊ីសង បញ្ជល់​មាន់​ខុសច្បាប់​ពិតមែន ទើប​បញ្ជូន​កង​កម្លាំង​ទៅ​ឆ្មក់​បង្ក្រាប​តែម្ដង​។​

​នៅក្នុង​ការ​បង្ក្រាប​នោះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ចំនួន​៥​នាក់ ​នៅក្នុង​រង្វង់​ទីតាំង​លេង​ល្បែង​ស៊ីសង​នោះ និង​រឹប​អូស​បាន​វត្ថុតាង​មួយ​ចំនួន​ដូចជា មាន់​គក​មួយ​គូ ជញ្ជីង​សម្រាប់​ថ្លឹង ខ្នាយ​ដែក​ និង​លុយ​ខ្មែរ​ជាង​១១​ម៉ឺន​រៀល​ និង​លុយ​អាមេរិក​ចំនួន​២១៥​ដុល្លារ​ទៀត​។​

​ក្រុម​ជន​ដែល​ពាក់ព័ន្ធ ​ត្រូវ​បាន​ឃាត់ខ្លួន​ទាំង​៥​នាក់​ខាងលើ ១.ឈ្មោះ ង្វៀង វ៉ាង​យ៉ាង អាយុ​៣៥​ឆ្នាំ ជន​ជាតិ​យួន មាន​ទីលំនៅ​ភូមិ​សាមគ្គី ខណ្ឌ​ឫស្សីកែវ​។ ២.ឈ្មោះ លឹម ឈុន​ហ៊ី អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចម្ការ​ឪឡឹក សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ៣.ឈ្មោះ ហាន់ ទូច អាយុ​៣៤​ឆ្នាំ ទីលំនៅ​ភូមិ​បា​យ៉ាប​។ ៤.ឈ្មោះ ឡឹង សុខ​ណាត អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំ​
​ពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ៥.ឈ្មោះ ផន ប៊ុនធឿន អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជម្រៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។​

ប៉ូលិស​បាន​ឃុំខ្លួន​ពួកគេ​ជា​បណ្ដោះអាសន្ន ​និង​បន្ត​ បញ្ជូន​ទៅ​តុលាការ​ដោយសារ​វា​ជា​អំពើ​ខុស​ច្បាប់​ក្នុង​ការ​បើក​ល្បែងស៊ីសង​នេះ ហើយ​នៅ​ក្នុង​ករណី​បង្ក្រាប​នេះ​ ក៏​មាន​បញ្ជា​ពី​មន្ត្រី​តុលាការ​អនុញ្ញាត​ឲ្យ​បង្ក្រាប​ដែរ​ ដូច្នេះ​អំណាច​គ្រប់គ្រង​ច្បាប់​ពាក់ព័ន្ធ​បទល្មើស​នេះ​តុលាការ​ជា​អ្នក​សម្រេច​សេចក្ដី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu