Ad Code

កម្ពុជា ស្នើ​សហភាព​អារ៉ាប់​រួម ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​កម្រិត​អន្តរជាតិ​នៅ​កម្ពុជា នា​ដើមខែ ធ្នូ​ខាងមុខ



ភ្នំពេញ ៖ លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ស្នើ​សហភាព​អារ៉ាប់​រួម ចូលរួម​ព្រឹត្តិការណ៍ «​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ផលិតផល​នាំចេញ​-​នាំចូល​កម្ពុជា លើក​ទី​១៣» កម្រិត​អន្តរជាតិ ដែល​គ្រោង​នឹង​រៀបចំ ចាប់ពី​ថ្ងៃទី​០៨ ដល់ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។

ការ​ស្នើ​ឲ្យ សហភាព​អារ៉ាប់​រួម ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​កម្រិត​អន្តរជាតិ​នៅ​កម្ពុជា បាន​ធ្វើ​ឡើង ក្នុង​ជំនួប​រវាង​លោកស្រី តឹក​រ៉េត កំរង នឹង លោក Mohammad Ali Al Kamali នាយក​ប្រតិបត្តិ​រង នៃ​ការិយាល័យ​នាំចេញ​ឌុយ​បៃ ប្រទេស​សហភាព​អារ៉ាប់​រួម កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម។



នៅក្នុង​ឱកាស​នោះ លោកស្រី រដ្ឋលេខាធិការ បាន​ជម្រាប​ភាគី​អារ៉ាប់ អំពី​គម្រោង​ទស្សនកិច្ច​របស់​ប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម សម្រាប់​កិច្ចប្រជុំ “The 3rd IPM” ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ និង​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ឌុយ​បៃ នា​ពេល​ខាងមុខ ព្រមទាំង​វឌ្ឍនភាព​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា ជាពិសេស​ឱកាស​វិនិយោគ និង​សក្តានុពល​ពាណិជ្ជកម្ម​។ លើស​ពី​នេះ លោកស្រី រដ្ឋលេខាធិការ ក៏បាន​ស្នើ​លោក Mohammad Ali Al Kamali ជួយ​កៀងគរ​វិស័យ​ឯកជន នៃ​សហភាព​អារ៉ាប់​រួម មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​វិនិយោគ​លើ​វិស័យ​សំខាន់ៗ ដូចជា​៖ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សំណង់​អគារ អគ្គិសនី និង​ទេសចរណ៍ ជាដើម។



ជា​ការ​ឆ្លើយតប លោក Mohammad Ali Al Kamali បាន​ទទួលយក​សំណើ​លោកស្រី រដ្ឋលេខាធិការ និង​បាន​សន្យា​ជួយ​ផ្សព្វ​ផ្សាយដំណឹង ទៅដល់​វិស័យ​ឯកជន​នៃ​សហភាព​អារ៉ាប់​រួម ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​ខាងលើ​។ លោកនាយក​ប្រតិបត្តិ​រង​រូប​នេះ បាន​បន្ថែម​ទៀត​ថា នៅក្នុង​ឆ្នាំ​២០១៩ ការិយាល័យ​នាំចេញ​ឌុយ​បៃ គ្រោង​រៀបចំ​កម្មវិធី Business Forum មួយ​នៅ​កម្ពុជា ដើម្បី​នាំ​យក​នូវ​ក្រុមហ៊ុន​ល្បីៗ​ពី​សហភាព​អារ៉ាប់​រួម មក​ធ្វើ​បទ​បង្ហាញ និង​ស្វែងរក​ដៃគូ​ធុរកិច្ច និង​វិនិយោគ​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu