ភ្នំពេញ ៖ មហាជនពិតជាមានអារម្មណ៍រំភើប និងភ្ញាក់ខ្លួនជាមិនខាន បន្ទាប់ពីបានអានសារបង្កប់អត្ថន័យរបស់តារាចម្រៀង និងជាអតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច ដែលបានរៀបរាប់ភ្ជាប់ជាមួយជម្រៅទឹកចិត្តរបស់ខ្លួនក្នុងនាមអ្នកសិល្បៈរៀមច្បងមួយរូបដែលស្រឡាញ់វិស័យសិល្បៈគ្មានថ្ងៃបោះបង់នោះឡើយ។
តារាចម្រៀងនៅតែរក្សាបានប្រជាប្រិយភាព លោកសុះ ម៉ាច បាននិយាយបន្តទៀតថា ទោះបីធ្លាប់ច្រៀងជិត៣០ឆ្នាំ ទើបតែមានអារម្មណ៍ថា ខ្លួនឯងទើបនឹងចេះច្រៀងប៉ុន្មាន១ឆ្នាំនេះប៉ុណ្ណោះក្រោយពីសុបិនឃើញអធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត ជាលើកទី៣ បន្ទាប់ពីបុណ្យសពលោក ស៊ីន ចាន់ឆាយ៉ា ជាបុត្ររបស់លោកប្រហែល២សប្ដាហ៍។ ម្យ៉ាងវិញទៀត រៀងរាល់ថ្ងៃសីលខ្ញុំតែងតែអុជធូបរំលឹកដល់វិញ្ញាណក្ខន្ធវីរសិល្បៈទាំងអស់ ជាពិសេសលោកប៉ារបស់ខ្ញុំ និងលោក ស៊ីនស៊ីសាមុត។
អតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានរៀបរាប់ទៀតថា នៅក្នុងសុបិននោះដែរ ខ្ញុំក៏បានទទួលឱវាទ និងណែនាំពន្យល់ពីចម្រៀងពីលោកមករូបខ្ញុំផងដែរ។ តែស្ដាយណាស់សព្វថ្ងៃផលិតកម្ម និងស្ថានីយទូរទស្សន៍ជាច្រើន បិទកម្មវិធីបទចម្រៀងបែបសម័យដើម ឬបទមហាជនវ័យកណ្ដាលស្ទើរតែអស់ នៅសល់តែបាយ័ន និងស៊ីធីអិន...ប៉ុណ្ណោះ។ រីឯកម្មវិធីផ្សេងៗទៀត ក៏ពុំសូវមានការអញ្ជើញយូរៗម្តង។
លើសពីនេះតារាចម្រៀង លោក សុះ ម៉ាច បានបន្ថែមទៀតថា ខ្ញុំនៅតែដុសខាត់សំឡេងរបស់ខ្ញុំនៅblack factory រៀងរាល់យប់ និងនៅសាលាតន្ត្រីផងដែរ។
មួយជីវិតរបស់ខ្ញុំស្រឡាញ់វិស័យសិល្បៈចម្រៀង ដូចស្រឡាញ់ក្រុមគ្រួសារអញ្ចឹង គ្មានថ្ងៃនឹងបោះបង់ឡើយ។ នេះជារូបភាពកាលពីយប់មិញ ក្នុងកម្មវិធីចម្រើនព្រះជន្ម និងនៅ black factory កូនស្រីសំណព្វនាងមកលេងខ្ញុំ ជាមួយម្តាយរបស់នាង!។
សូមបញ្ជាក់ថា តារាចម្រៀង លោក សុះ ម៉ាច កន្លងមកធ្លាប់កាន់តំណែងជាប្រធានសមាគមសិល្បករខ្មែរចំនួន២អាណត្តិ។ ខណៈដែលប្រជាប្រិយភាព និងការគាំទ្ររបស់តារាចម្រៀងជើងចាស់រូបនេះនូវបន្តទទួលបានការលើកសរសើរ និងគាំទ្រខ្លាំងពីសំណាក់មជ្ឈដ្ឋានមហាជនគ្រប់ស្រទាប់វ័យផងនោះ៕
Source: Kampuchea Thmey Daily
0 Comments