ក្រុមបាល់ទាត់ម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលឆ្នាំ ២០១៨ គឺក្រុមក្រសួងការពារជាតិ (ទ័ព) បានក្លាយជាម្ចាស់ជើងឯកក្នុងពានរង្វាន់អន្តរជាតិ 2018 China-ASEAN Cities Football Tournament នៅខេត្ត Nanning ប្រទេសចិន ក្រោយបានយកឈ្នះក្រុមតំណាងមកពីប្រទេសវៀតណាម កាលពីចុងសប្ដាហ៍ថ្មីៗនេះ។
ពានរង្វាន់ 2018 China-ASEAN Cities Football Tournament មានក្រុមចំនួន៤ចូលរួមដោយក្នុងនោះមានក្រុម២មកពីថៃគឺ Police Tero Sasana និងក្រុមសាកលវិទ្យាល័យBTU FC បូករួមទាំងក្លិប Than Quang Ninh របស់វៀតណាមនិងក្រុមក្រសួងការពារជាតិ របស់កម្ពុជា។ ការប្រកួតធ្វើឡើងពីថ្ងៃទី១៤ ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ មុនទទួលបានជើងឯកក្រុមក្រសួងការពារជាតិ បានយកឈ្នះក្រុម Than Quảng Ninh FCនៅវគ្គផ្ដាច់ព្រ័ត្រ ដោយបាល់ទាត់ប៉េណាំងទីកាត់សេចក្តី៤ទល់៣នៅល្ងាចថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រុមក្រសួងការពារជាតិ របស់កម្ពុជា ដឹកនាំដោយលោក ខូវ ឆាយ ជាអគ្គលេខាធិការក្លិប លោក ទេព ឡុងរចនា ជាអ្នកចាត់ការទូទៅក្លិបលោក ភា សុភត្រា ចាគ្រូបង្វឹកលោក អ៊ុំ សាវង្ស, ហោ សុខហេង,ឡុង សុធារ៉ា និង លេង ណាវីន ជាជំនួយការគ្រូបង្វឹក។ ចំណែកកីឡាករមាន សំរឹទ្ធ សីហា, គឹម ស៊ីម៉េង, ខែក ខេមរិន្ទ, រឿម ចាន់រឿន, ម៉ាត់ សាត់យ៉ា,អ៊ែល ធីហឿត, អ៊ុព កាម៉ុល, ង៉ែត លីទី,សុខ ហៀង,ភួង សុខសាណា, ជា ណាវីន, កាន់ ពិសាល, ទូច រ៉ូម៉ា,ណារ៉ុង កក្កដា។ ក្រៅពីនោះកីឡាករបរទេសមាន Yoo Jae Ho ជនជាតិកូរ៉េខាងត្បូង, Yudai Ogawa ជនជាតិជប៉ុន,MOHAMED HAMZA ជនជាតិអេហ្ស៊ីប, Na Hyosung ជនជាតិកូរ៉េខាងត្បូង។
ដំណើរទៅកាន់ប្រទេសចិន នេះត្រូវបានក្លិបក្រសួងការពារជាតិ គិតថាគឺជាឱកាសក្នុងការធ្វើតេស្តសមត្ថភាពដល់កីឡាករថ្មីៗមួយចំនួនមុនរដូវកាលថ្មីឆ្នាំ២០១៩ មកដល់ខណៈក្លិបបានចុះបញ្ជីកីឡាករយុវជន៤នាក់នៅក្នុងក្រុមជំនួសកីឡាករសំខាន់ៗដែលកំពុងជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា ប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup 2018។ កីឡាករទាំងអស់នោះមានឈិន ឈឿន,រ៉ឹម ប៊ុនហៀង, ស ពិសិដ្ឋ និង អ៊ុំ វិចិត្រ៕
Source: Kampuchea Thmey Daily
0 Comments