ភ្នំពេញ ៖ បុរសម្នាក់ ខណៈដើរទៅអើតឈ្ងោកតាមបន្ទប់ជួលអះអាងថា ទៅស្វែងរកបងប្អូននៅទីនោះ បែរជាត្រូវបានពលរដ្ឋ ម្ចាស់ផ្ទះសង្ស័យថា ជាចោរទើបចោទប្រកាន់ថា បានប៉ុនប៉ងលួចទ្រព្យសម្បត្តិទៅវិញហើយនាំគ្នា ឃាត់ខ្លួនឲ្យប៉ូលិសនាំទៅសាកសួរ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅ ម្តុំផ្ទះជួលក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនដែលពលរដ្ឋចោទប្រកាន់ មានឈ្មោះ ចាន់ ធឿន ភេទប្រុស អាយុជាង៣៦ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិវាលចាស់ ឃុំសាគ្រាម ស្រុកប្រសាទបាល័ង្គ ខេត្តកំពង់ធំ។
តាមប្រជាពលរដ្ឋ ម្ចាស់ផ្ទះជួល បានឲ្យដឹងថា ផ្ទះជួលខាងលើ កើតមានករណីចោរលួច បាត់បង់របស់ទ្រព្យជាញឹកញាប់ មុនកើតហេតុគេឃើញបុរសខាងលើ ដើររេរា តាមបន្ទប់ជួលទើបឃាត់សួរទៅ ម្តងឆ្លើយ អញ្ចេះ ម្តងឆ្លើយអញ្ចុះ ទើបសង្ស័យ ឃាត់ខ្លួនប្រគល់ឲ្យប៉ូលិសតែម្ដង។
តែបើតាមបុរសខាងលើវិញបាននិយាយនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនទៅរកក្មួយនៅផ្ទះជួលខាងលើ កន្លងមកធ្លាប់មកម្តងពេលយប់ដែរ តែមិនចំណាំ លុះដើរស្វែងរកមើលតាមបន្ទប់ មិនទាន់ឃើញផងក៏ត្រូវបានពលរដ្ឋ ម្ចាស់ផ្ទះជួល សង្ស័យថា ខ្លួនជាចោរប៉ុនប៉ងលួចទៅវិញ ដោយពលរដ្ឋគ្នាច្រើន គម្រាមរកវាយ សម្លុតខ្លួនជាចោរ ក៏ចាក់បណ្តោយតាមសិន ដើម្បីឲ្យប៉ូលិសជួយអន្តរាគមន៍ ជៀសវាងពលរដ្ឋ វាយដំច្រំធាក់។
តែបើតាមការបញ្ជាក់របស់ពលរដ្ឋ អ្នកចាប់បុរសខាងលើ ប្រគល់ឲ្យប៉ូលិសវិញ បានឲ្យដឹងថា ថ្វីត្បិតមិនបានឃើញសកម្មភាពបុរសរូបនេះ គាស់សោ ឬចូលបន្ទប់ លួចទ្រព្យសម្បត្តិពិតមែន តែពេលដែលសួរទៅ ឆ្លើយដូចជាមិនប្រក្រតី ទើបឃាត់ដើម្បីឲ្យប៉ូលិសសាកសួរ តែម្ដងទៅ។
បុរសដែលពលរដ្ឋចោទប្រកាន់ ត្រូវបានសមត្ថកិច្ច នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ២។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ពុំមានភស្តុតាងណាមួយស្តែងឲ្យឃើញថា បុរសរូបនេះ លួចទ្រព្យសម្បត្តិនៅឡើយទេ ហើយសមត្ថកិច្ចជំនាញកំពុងសាកសួរ ក្នុងករណីដែលរកឃើញថា ដូចដែលពលរដ្ឋសង្ស័យនិងចោទប្រកាន់ប៉ុនប៉ងលួចមែននោះ សមត្ថកិច្ចឃាត់ខ្លួនអនុវត្តន៍តាមនីតិវិធីហើយ៕
Source: Kampuchea Thmey Daily
0 Comments