ក្រុមបាល់ទាត់ណាហ្គាវើល បានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៨ (Metfone Cambodian League 2018) កន្លងទៅបានបាត់បង់សមាជិកសំខាន់ចំនួន២នាក់ កាលពីពេលថ្មីៗគឺកីឡាករ ឆេង ម៉េង និង សារី ម៉ាត់ណូរ៉ូទីន ដែលចាកចេញទៅចូលរួមជាមួយក្រុមវិសាខា ស្របពេលលោក មាស ចាន់ណា ដែលជាគ្រូបង្វឹកត្រៀមបន្ថែមកីឡាករជាយុវជនចំនួន៥នាក់ចូលរួមក្នុងក្រុមមុនយុទ្ធនាការរដូវកាលថ្មីមកដល់។
លោក មាស ចាន់ណា ដែលកំពុងតែកាន់អាជ្ញាប័ណ្ណ AFC A License បានបញ្ជាក់ថា «យើងបាត់កម្លាំងសំខាន់ទាំងពីរដែលមានបទពិសោធន៍ តែយើងមានកីឡាករចាស់ៗរបស់យើងនៅក្នុងក្រុម បូកផ្សំនឹងកម្លាំងយុវជន ...យើងពួកគេមកគឺពង្រឹងដើម្បីការប្រកួតប្រជែងតែម្ដង ក្នុងពានសម្ដេច និង ពានលីគខាងមុខ។ យើងនឹងបង្វឹកយុវជនរបស់យើងដែលមានស្រាប់ ៧ នាក់កាលឆ្នាំមុន បូកនឹងកម្លាំងថ្មី៥រូបទៀត។ ព្រោះឥឡូវយើងមិនទាន់បាននាំកីឡាករមានបទពិសោធន៍ណាម្នាក់ឡើយ»។
គ្រូបង្វឹកដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺរូបនេះ បានបញ្ជាក់ថា នេះជាគម្រោងការទី១ដែលនាំចូលយុវជនចំណូលថ្មី ៥នាក់ខាងលើ ប៉ុន្តែគម្រោងបន្ទាប់អាចនឹងមានការដោះដូរកីឡាករមានបទពិសោធន៍មួយចំនួនទៀតមុនរដូវកាលថ្មីឆ្នាំ ២០១៩ ចាប់ផ្ដើម។ យ៉ាងណាក្ដី កីឡាករវ័យក្មេង ៥នាក់នោះមិនទាន់ត្រូវបានបង្ហើបឈ្មោះនោះឡើយ។ បើមើលក្នុងសកម្មភាពប្រកួត២២លើកមកនេះក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមណាហ្គាវើល អាចរកបានជ័យជម្នះរបស់ដល់១៨លើក ហើយស្មើគ្នាបាន២លើកនិងធ្លាប់បរាជ័យ២លើក។ មិនតែប៉ុណ្ណោះណាហ្គាវើល ជាក្រុមដែលអាចទាត់បញ្ចូលទីគូប្រកួតបានច្រើនជាងគេគិតពោលគឺបំប៉ោងសំណាញ់គេបាន៦៦គ្រាប់ ហើយរបូតគ្រាប់បាល់វិញតែ១៧គ្រាប់ប៉ុណ្ណោះ។
ងាកទៅមើលប្រវត្តសាស្ត្រវិញក្រុមណាហ្គាវើល ធ្លាប់ឈ្នះជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ចំនួន២លើកដែរគឺនៅឆ្នាំ២០០៧និង២០០៩។ គិតត្រឹមដឹកនាំក្រុមណាហ្គាវើល ពីឆ្នាំ២០១៥ មកលោក មាស ចាន់ណា តែងតែបង្ហាញថាក្រុមខ្លួនជាបេក្ខជនមួយដែលមិនអាចរំលងបានក្នុងការប្រជែងយកជើងឯក។ ជាក់ស្តែងគឺឆ្នាំ២០១៥ ទទួលបានជើងឯករងលីគកំពូលកម្ពុជា ក្រោយចាញ់បឹងកេត នៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ប៉េណាំងទីកាត់សេចក្តី៣ទល់២ និងជើងឯករងពានរង្វាន់សម្តេចតេជោ ក្រោយចាញ់ព្រះខ័នរាជស្វាយរៀង។ ឆ្នាំ២០១៦ ណាហ្គាវើល ឈរចំណាត់ថ្នាក់លេខ៣ព្រមទាំងមានឱកាសទៅលេងវគ្គជម្រុះបឋមនៃពានរង្វាន់ AFC Cup 2017 ផងដែរ។ ឆ្នាំ២០១៧ ណាហ្គាវើល បានត្រឹមលេខ៣ក្រោយចាញ់ក្រសួងការពារជាតិ នៅវគ្គជម្រុះលីគកំពូលកម្ពុជា ខណៈពានរង្វាន់សម្តេចតេជោ ក្រុមនេះបានត្រឹមជើងឯករងក្រោយចាញ់ព្រះខ័នរាជស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រ៕
Source: Kampuchea Thmey Daily
0 Comments