ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារមួយដើម្បីដោះស្រាយសំណើនិងសំណូមពររបស់អង្គការសង្គមស៊ីវិល។ សេចក្តីសម្រេចនេះចុះថ្ងៃទី២ ខែវិច្ឆិកា ហើយក្រៅពីដោះស្រាយសំណើនិងសំណូមពរក្រុមការងារថ្មីនេះក៏មានតួនាទីផ្សព្វផ្សាយច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដល់បណ្តាអង្គការសង្គមស៊ីវិលនានានៅក្នុងប្រទេសកម្ពុជាផងដែរ។
សេចក្តីសម្រេចបានបញ្ជាក់ថា ក្រុមការងារដោះស្រាយសំណើនិងសំណូមពររបស់អង្គការសង្គមស៊ីវិលដែលទើបបង្កើតឡើងនេះមានតួនាទីសំខាន់បី៖ ទី១-រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិលដើម្បីពិនិត្យពិភាក្សាពីបញ្ហាប្រឈមនានាដែលសង្គមស៊ីវិលជួបប្រទះ។
ទី២-ប្រមូលព័ត៌មាននិងសិក្សាអំពីសំណើនិងសំណូមពរផ្សេងៗរបស់អង្គការសង្គមស៊ីវិល រួចលើកយោបល់ជូនរាជរដ្ឋាភិបាល ឬក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យពិភាក្សាដោះស្រាយជាសមត្ថកិច្ច។
ទី៣-ផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងដល់អង្គការសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធផ្សេងទៀតអំពីច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលពាក់ព័ន្ធនឹងអង្គការសង្គមស៊ីវិល។
ក្នុងសេចក្ដីសម្រេចដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានចាត់តាំងក្រុមការងារមួយនេះឲ្យបំពេញភារកិច្ចនៅក្រោមការដឹកនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសម្របសម្រួលជាមួយអង្គការសង្គមស៊ីវិលនិងដោះស្រាយបញ្ហាប្រឈមរបស់សង្គមស៊ីវិល។ សេចក្ដីសម្រេចបានចាត់តាំងក្រុមការងារមួយនេះឡើងក្រោយពីសម្តេចក្រឡាហោម ស ខេង បានណែនាំទៅមន្ត្រីថ្នាក់ក្រោម កាលពីចុងខែតុលាកន្លងមកនេះកុំឲ្យរឹតត្បិតសកម្មភាពរបស់អង្គការសង្គមស៊ីវិល ជាអ្វីដែលលោកហៅថាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាតិ។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលជាប្រធានក្រុមការងារនេះបានអះអាងប្រាប់សារព័ត៌មាននៅថ្ងៃអង្គារនេះថា ការចោទប្រកាន់ថា អាជ្ញាធររឹតត្បិតសេរីភាពនេះគឺជាមូលហេតុសំខាន់មួយដែលជំរុញឲ្យរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតក្រុមការងារដោះស្រាយសំណើ និង សំណូមពររបស់អង្គការសង្គមស៊ីវិល។ លោកថា ក្រុមការងារថ្មីនេះនឹងទទួលសំណើពីក្រុមអង្គការសង្គមស៊ីវិល និងរៀបចំការប្រជុំដោះស្រាយជាមួយគ្នាតែម្តងដើម្បីរកឲ្យឃើញពីឫសគល់នៃបញ្ហា។ លោក ប៊ុន ហុន បានស្នើឲ្យសង្គមស៊ីវិលរង់ចាំមើលលទ្ធផលជាក់ស្តែងដែលកើតចេញការបង្កើតក្រុមការងារថ្មីនេះជាមុនសិន។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះមានអង្គការសង្គមស៊ីវិលចំនួន ៥.៤៤៦ ហើយដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ចំនួនអង្គការសង្គមស៊ីវិលចេះតែកើនឡើងជាលំដាប់ដោយក្នុងនោះក្នុងមួយខែៗអង្គការសង្គមស៊ីវិលបានកើនចំនួនដល់ទៅជាង២០ឯណោះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ប៊ុន ហុន ៕
Source: Kampuchea Thmey Daily
0 Comments