ភ្នំពេញ ៖ ស្ត្រីម្នាក់ បើករថយន្តបណ្ដើរ រវល់និយាយទូរស័ព្ទបណ្ដើរ មិនបានមើលមុខ បានបុកខឿនពុះចែកទ្រូងផ្លូវខូចអស់ចំនួនមួយផ្ទាំង និងបណ្ដាលឲ្យរងរបួសធ្ងន់អ្នកបើកបរម្នាក់ កាលវេលាម៉ោង ៨និង២៥នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កម៉ាកលុចស៊ីសRX 330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-9399 បើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កបើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ ជនរងគ្រោះបាននិយាយទូរស័ព្ទបណ្ដើរ បើកបរបណ្ដើរ បន្ទាប់មកបានបុករបាំងពុះចែក ទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរបាំងខឿន ពុះចែកទ្រូងផ្លូវរងការខូចខាត អស់ចំនួនមួយផ្ទាំង ចំណែកឯរថយន្តរងការខូចខាតយ៉ាងដំណំ បែកកង់ខាងឆ្វេង ធ្លាក់កាង បែកធុងប្រេងផ្ទុះពោងសុវត្ថិភាព និងបណ្ដាលឲ្យរងរបួសធ្ងន់ស្ត្រីអ្នកបើកបរផងដែរ បន្ទាប់មកជនរងគ្រោះត្រូវបានបុគ្គលិក មន្ទីរពេទ្យឯកជនសម្ភពរស្មី នៅជិតកន្លែងកើតហេតុនោះបី និងគ្រាហ៍យកទៅសង្គ្រោះភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ កាកាបទី២ បានមកដល់កន្លែងកើតហេតុ ហើយបានទាក់ទងទៅជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ដើម្បីចុះមកវាស់វែង និងយករថយន្តបង្កទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments