ភ្នំពេញ ៖ អតីតតារាកំប្លែងជើងចាស់មានឈ្មោះល្បីលើវិថីសិល្បៈ នាយ ក្តឹប បានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ខណៈមានទស្សនិកជនជាច្រើនបានបង្ហាញក្ដីព្រួយបារម្ភខ្លាំង ស្ទើរគ្រប់គ្នាផងដែរ។
ផ្អែកតាមការបង្ហោះភ្ជាប់ជាមួយរូបភាពកំពុងចូលសង្គ្រោះនៅមន្ទីរពេទ្យរបស់តារាកំប្លែង នាយ ក្តឹប ម្ចាស់Account Facebook ឈ្មោះ Ing Bella បានសរសេរថា អត់ទេ គាត់អត់អីទេ ឆាប់ជាណាពុក ក្តឹប ក្នុងនាមខ្ញុំជាអ្នកសិល្បៈមួយរូប សូមទេវតាជួយតាមថែរក្សាគាត់ឲ្យបានធូរសះស្បើយផង។
ជាមួយគ្នានេះដែរ ក៏មានម្ចាស់Account Facebook ឈ្មោះ Srey Na Fc បានរៀបរាប់ដែរថា ពេលនេះគ្រួសារ លោកតា ក្ដឹប មានទុក្ខជាទម្ងន់ ព្រោះលោកតា ក្ដឹប ឈឺធ្ងន់កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នៅបន្ទប់សង្គ្រោះបន្ទាន់ ពេលនេះមិនទាន់ដឹងខ្លួននៅឡើយទេ ពេលនេះគ្រួសារលោកតា ក្ដឹប ខ្វះខាតថវិកាសូមបងប្អូនមេត្តាជួយដល់ក្រុមគ្រួសារគាត់ផង ជួយស៊ែម្នាក់មួយ។
ប្រភពដដែលនេះបានលើកឡើងបន្ថែមទៀតថា តារាកំប្លែងជើងចាស់ លោកតា ក្ដឹប ហៅ (នាយក្ដឹប) លេខផ្ទាល់លោកតា ក្ដឹប (០១៧ ៣១ ០៥ ៦៦ ,០៩៣ ៩៣ ១០ ១២ និង ០៨៧ ៥៧ ៥៨ ០៩។
ស្របពេលដែលមានដំណឹង នៃការធ្លាក់ខ្លួនឈឺរបស់តារាកំប្លែង នាយ ក្តឹប នេះដែរ គឺមានទស្សនិកជន និងអ្នកសិល្បៈជាច្រើនបានផ្ញើសារជូនពរឲ្យតារាកំប្លែងរូបនេះឆាប់ជាសះស្បើយពីជំងឺ និងបន្តការចែករំលែកដំណឹងនេះ ដើម្បីស្វែងរកជំនួយពីសប្បុរសជន ខណៈបច្ចុប្បន្នក្រុមគ្រួសារនាយ ក្តឹប កំពុងជួបការលំបាកខ្លាំងផងនោះ៕
Source: Kampuchea Thmey Daily
0 Comments