បាត់ដំបង ៖ រថយន្តប្រភេទកាមរីមួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងមានការខូចខាតយ៉ាងដំណំ ខណៈដែលរថយន្តនេះ កំពុងដឹកត្រីមកពីខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ហើយទំនងជាមានការឆ្លងចរន្ត ទើបបណ្តាលឲ្យមានអណ្ដាតភ្លើងឆាបឆេះឡើងបែបនេះ។
ហេតុការណ៍ដ៏ចៃដន្យនេះបានកើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិត ក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលរថយន្តនេះម៉ាកតូយូតា កាមរី ពណ៌ស ពាក់ស្លាកលេខ ប៉ៃលិន 2A0332 ម្ចាស់រថយន្តមានឈ្មោះ ជឹម សុភ័ក្ត្រ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
តាមការអះអាងពីម្ចាស់រថយន្តបានឲ្យដឹងថា ខណៈដែលខ្លួនកំពុងបើករថយន្តដឹកត្រីសុខៗ ស្រាប់តែមានក្លិនឆ្ងៀម និងមានផ្សែងហុយឡើងផង ទើបខ្លួនបានប្រញាប់ឈប់សំចត នៅពេលនោះក៏ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះឡើងតែម្ដងចំកន្លែងដែលខ្លួនអង្គុយបើករថយន្ត។
នៅពេលនោះដែរ ទាំងប្រជាពលរដ្ឋ ក៏ដូចជាកម្លាំងសមត្ថកិច្ច បានយករថយន្តទឹកមកជួយបាញ់ពន្លត់ ប៉ុន្តែរថយន្តត្រូវបានឆេះខូចខាតទៅហើយ និងខូចត្រីប្រមាណ៧០០គីឡូក្រាម តែមិនបង្កឲ្យមានគ្រោះថ្នាក់មនុស្សនោះទេ ដែលមូលហេតុឆ្លងប្រព័ន្ធចរន្តភ្លើង៕
Source: Kampuchea Thmey Daily
0 Comments