Ad Code

ក្បាលស្ពាន​វត្ត​គរ ដែល​បាក់ស្រុត​ដល់​ខឿន កំពុង​ជួសជុល​ឡើងវិញ



បាត់ដំបង ៖ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ គេសង្កេត​ឃើញថា ការបាក់​ស្រុត​នៅ​ចំណុច​ក្បាលស្ពាន​វត្ត​គរ ត្រើយ​ខាងកើត កាន់​តែ​មាន​សន្ទុះ​លឿន​ឡើងៗ ថែមទាំង​បាក់​មកដល់​ខឿន​ក្បាលស្ពាន​តែម្តង ដែល​ស្ពាន​នេះ​ស្ថិត​ក្នុងភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ដែល​ត​ភ្ជាប់​ពី​ខេត្តបាត់ដំបង ទៅកាន់ ខេត្ត​ប៉ៃលិន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥៧។​

ស្ពាន​វត្ត​គរ គឺជា​ស្ពាន​មួយ​ដែល​កសាងឡើង​ដោយ​មូលនិធិ របស់​រាជរដ្ឋាភិបាល​ព្រមទាំង​បាន​បើក​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​អស់​រយៈពេល​រាប់សិប​ឆ្នាំ​មកហើយ ម្យ៉ាងវិញទៀត​ស្ពាន​នេះ​ក៏បាន​បម្រើអោយ​វិស័យសេដ្ឋកិច្ច​ដ៏​សំខាន់​ផងដែរ ពី​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា ថៃ។​

ប៉ុន្តែ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្បាលស្ពាន​ត្រើយ​ខាងកើត បាន​ចាប់ផ្តើម​បាក់ស្រុត​យ៉ាងដំណំ គួរអោយកត់សម្គាល់ និង​ធ្វើអោយ​មានការ​ព្រួយបារម្ភ​ថែមទៀត​ផង ដោយសារតែ​បន្ទុក​នៃ​ការជួសជុល ត្រូវ​ធ្លាក់​ទៅលើ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ជា​អ្នកទទួលខុសត្រូវ។​

ប៉ុន្តែ​ទន្ទឹម នឹង ការបាក់​ស្រុត​គួរអោយ​ភ័យខ្លាច​នេះដែរ ខាង​មន្ទីរជំនាញ ហាក់ដូចជា​មានការ​ប៉កល្វើយ ដោយ​គេ​ច្រើន​ប្រើ​ភាសា​ថា មិនទាន់មាន​កញ្ចប់​ថវិកាសម្រាប់​ជួសជុល ដោយ​គេ​រង់​ចាំមើល​ខាង​ក្រសួង​ជា​អ្នកសម្រេច​ដូច្នេះ​មានតែ​ទុក​បណ្តោយ​តាម​យថាកម្ម​តែប៉ុណ្ណោះ។​

ថ្មីៗ​នេះ គេ​ឃើញ​​កម្លាំង​មន្ទីរជំនាញ​បានដាក់​គ្រឿងចក្រ​ចុះមក​កាន់​ទីតាំង​ខាងលើ​ ដោយ​ធ្វើការ​ឈូសឆាយ និង​ចាក់ដី​បំពេញបន្ថែម​ដើម្បី​ជួសជុល​ទៅតាម​ជំនាញ ប៉ុន្តែបើ​តាម​ការអះអាង​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​នោះបាន​និយាយថា​ នេះ​មិនទាន់​ដល់​រដូវ​ទឹកជំនន់​ផង គឺ​អ្នកចាក់ដី​ពីលើ​ចេះតែ​ចាក់​ទៅ ឯ​ទំហំ​នៃ​ការ​បាក់ស្រុត​ចេះតែ​បន្ត​ស្រុតចុះ​បន្ថែមទៀត​ដដែល ដែល​ពួកគាត់​មិនដឹងថា ជំនាញ​ដាក់​កម្លាំង​វិស្វករ និង​បាន សិក្សា​ដល់​កម្រិតណា​នោះទេ​អំពី​បញ្ហា​នេះ ។​

​ហើយ​នៅ​ប៉ុន្មាន​ថ្ងៃនេះ ឮថា​មានការ​ប្រកាស​ប្រធាន​មន្ទីរ​សាធារណការ​ថ្មី អោយ​ចូលកាន់​តំណែង ដូច្នេះ​គេ​កំពុង​រង់ចាំ​មើលថា តើ​សមត្ថកិច្ច​អាចមាន​ពេញលេញ​ដូច​លោក​ប្រធាន​មន្ទីរ​ចាស់ គឺ​លោក ខាន់ ម៉ា​ណេ ដែរឬទេ ? ដោយ​លោក​ប្រធាន​មន្ទីរ​ចាស់ ត្រូវបាន​ផ្លាស់ប្តូរ​ទៅ​ក្រសួង​វិញ។​

​បច្ចុប្បន្ន​ទាំង​ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន កំពុង​រង់ចាំ​មើលថា តើ​ការ​ស្ថាបនា​នេះ អាចមាន​គុណភាព​ជាប់​រហូត​ដែរ​ឬ​ទេ ឬមួយ​ក៏​ល្អ​តែ​សំបក​ក្រៅ​ក៏​មិនទាន់​ដឹងថា ព្រោះ​វិសាលភាព​នៃ​ការបាក់​ស្រុត​មាន​ទំហំធំធេង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu