Ad Code

ជន​សង្ស័យ​៣​នាក់​ ត្រូវ​ប៉ូលិស​ក្រុង​បាន​លុង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​លួច​ឈើ​ប្រណិត​គ្រឿង​សង្ហារិម



រតនគិរី ​៖​ កម្លាំង​នគរបាល​ក្រុង​បាន​លុង​ ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​ចោរកម្ម​(​លួច​ឈើ គ្រឿង​សង្ហា​រិម​)​ ដែល​បានធ្វើ​សកម្មភាព​លួច​យ៉ាងសកម្ម​ក្នុង​ក្រុង​បាន​លុង។​

ការឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើនេះ​ ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​សៅរ៍ ១០​កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​ ស្ថិតនៅត្រង់​ចំណុច​ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង។

អធិការរង​នគរបាល​ក្រុង​បាន​លុង​ទទួល​ផែន​ព្រហ្មទណ្ឌ​លោក តេង សាវុធ បាន​ឲ្យ​កម្ពុ​ជាថ្មី ដឹង​​​ថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ភ្លាម​កម្លាំង​របស់លោក​ក៏បាន​ចុះ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន់ ដេវីដ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ។​

​លោក​ថា ជនសង្ស័យ​ឈ្មោះ ចាន់ ដេវីដ ក្រោយពី​សមត្ថកិច្ច​បាន​សាកសួរ​បំភ្លឺ​ខ្លួន​បាន​សារភាពថា មាន​បក្ខពួក​ចំនួន​០២​នាក់​ទៀត ក្រោយមក​សមត្ថកិច្ច បាន​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​បន្ថែមទៀត​នៅ​ថ្ងៃ​ដដែល​នោះ​
១- ឈ្មោះ ផៃ ធារ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ។​
២- ឈ្មោះ ឆៃ សុធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ។​

​ក្នុងនោះដែរ​ជនសង្ស័យ​ទាំង​៣​នាក់​បាន​លួច​យក​គ្រឿង​សង្ហា​រិម​ឈើប្រណិត​ជាច្រើន​ដុំ​ដូចជា​÷ ឈើ​កូន​ក្រឡឹង​បេង​-​ធ្នង់​នឹង​ក្ដារងឿ​ឈើ​ធ្នង់​ជាច្រើន​សន្លឹក​ថែមទៀត​ផងដែរ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង និង​បំពេញ​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់។​

សូមបញ្ជាក់ថា ជនសង្ស័យ​៣​នាក់​ខាងលើនេះ​ពូកែ​ក្នុង​ការធ្វើសកម្មភាព​លួច​យ៉ាងសកម្ម​នៅក្នុង​ក្រុង​បាន​លុង​ទាំងមូល ប៉ុន្តែ​ពេលនេះ​ត្រូវបាន​អស់លក្ខណ៍។ ​មួយវិញទៀត​ប្រជាពលរដ្ឋ​មានការ​ត្រេកអរ​យ៉ាងខ្លាំង​ដែល​សមត្ថកិច្ច​ចាប់បាន​ចោរលួច​ឈើ​ទាំងនោះ ​ព្រោះ​ពួកគាត់​ទុក​របស់​ដែល​មាន​តម្លៃ​នៅ​ខាងក្រៅ​ផ្ទះ​មិនបាន​គង់​ទេ​បាត់​រហូត​តែម្តង៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu